Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនៈនិងមតិ៖ មិននឹកស្មានដល់ថាអ្នកទីក្រុងដ៏ស៊ីវីល័យ យកកញ្ច្រែងត្រីទៅហាលនៅកណ្ដាលមហាវិថីបែបនេះសោះ...!

17-01-2018 14:13

(ភ្នំពេញ)៖ កញ្ច្រែងត្រីប្រឡាក់ពីរបីកញ្ច្រែង ត្រូវបានគេយកទៅដាក់ហាលនៅលើរបាំងថ្មពុះ ចែកទ្រូងផ្លូវយ៉ាងសង្ហាបង្កអោយមានការភ្ញាក់ផ្អើល និងចំណាប់អារម្មណ៏ពីអ្នកធ្វើដំណើរ និងអ្នកមើលឃើញទិដ្ឋភាពនេះ រហូតដល់គេថតរូបយកទៅ បង្ហោះនៅលើហ្វេសប៊ុកធ្វើការរិះគន់ និងបញ្ចេញទស្សនៈផ្សេងៗ ហើយភាគច្រើននៃអ្នកបញ្ចេញមតិ សុទ្ធតែបង្ហាញអារម្មណ៏ ហួសចិត្តថាមិនគួរម្ចាស់កញ្ច្រែងត្រីប្រឡាក់នេះ នឹកឃើញវិធីហាលត្រីបែបនេះសោះ។

រូបថតកញ្ច្រែងត្រីប្រឡាក់ពីរបីកញ្ច្រែង ដែលគេថតបានយកទៅបង្ហោះនៅលើបណ្ដាញ សង្គមហ្វេសប៊ុកនេះ តាមទិដ្ឋភាពរូបថត គឺនៅលើរបាំងថ្មពុះចែកទ្រូងផ្លូវព្រះសីហនុម្ដុំមុខហាង លក់ផ្លែឈើស្រីមុំ ខាងត្បូងស្តាតអូឡាំពិកជិតអាងទឹក តែគេមិនដឹងថាម្ចាស់កញ្ច្រែងត្រីប្រឡាក់ ខាងលើនេះជាអ្នកណាឡើយ ដោយគេគ្រាន់តែសនិដ្ឋានថា មានតែប្រជាពលរដ្ឋដែលរស់នៅ ផ្ទះជាន់ក្រោមនៅជិតម្ដុំនោះតែប៉ុណ្ណោះ ដែលហ៊ានយកកញ្ច្រែងត្រីទៅហាលបែបនេះ។

ទិដ្ឋភាពកញ្ច្រែងត្រីនេះ បើម្ចាស់ហាលនៅលើដំបូលផ្ទះឬហាលនៅលើចិញ្ចើមផ្លូវមុខផ្ទះ ហាក់គ្មានអ្នកណាចាប់អារម្មណ៏ឡើយ តែនេះ ម្ចាស់បែរជានឹកឃើញវិធីយកកញ្ច្រែងត្រីទៅ ហាលនៅលើរបាំងថ្មពុះចែកទ្រូងផ្លូវ ដែលជាផ្លូវធ្វើចរាចរដ៏មមាញឹកទៅវិញ។

ម្ចាស់កញ្ច្រែងត្រី ប្រឡាក់ប្រហែលជាគិតថាវិធីហាលត្រីបែបនេះ ត្រូវថ្ងៃល្អឆាប់ស្ងួតហើយមើលទៅតែភ្លេច គិតថាទង្វើរបស់ខ្លួនធ្វើអោយប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុងនោះឡើយ។ មិនតែប៉ុណ្ណោះទង្វើខាងលើ​ ក៏ជាការបង្ហាញអោយឃើញពីចរិតអន់ថយ នៃពលរដ្ឋមួយចំនួនដែល រស់នៅក្នុងទីក្រុងស៊ីវីល័យ និងថ្លៃថ្នូរនេះផងដែរ។

បច្ចុប្បន្ន ប្រទេសកម្ពុជាជាពិសេសទីក្រុងភ្នំពេញតែម្ដង កំពុងតែមានសម្រស់ល្អឆើតឆាយ ជាបណ្ដើរៗក្រោមការអភិវឌ្ឍន៏របស់រាជរដ្ឋាភិបាល និងវិស័យឯកជននានា ហើយក៏តម្រូវអោយមាន ការចូលរួមពីប្រជាពលរដ្ឋ និងអ្នករស់នៅក្នុងទីក្រុងផ្ទាល់តែម្ដង ក្នុងការអូសទាញអ្នកវិនិយោគ និង ភ្ញៀវទេសចរណ៏ជាដើម។

ដូចនេះ នៅពេលដែលអ្នកទាំងអស់គ្នា នាំគ្នាចូលរួមធ្វើការអភិវឌ្ឍន៏ បែរជាមានពលរដ្ឋមួយចំនួន គាត់នៅតែប្រកាន់អកប្បកិរិយារស់នៅតាមរបៀបបុរាណ ឬតាមបែបអន្តរកាលនោះ តើពេលណាទៅទើបទីក្រុង និងប្រទេសរបស់យើងដើរទាន់បណ្ដាលប្រទេសជឿនលឿន នៅលើពិភពលោកនោះ។ ទង្វើខាងលើថ្វីត្បិតជារឿងតូចតាច តែអាជ្ញាធរសមត្ថកិច្ចមិនត្រូវមើលរំលងនោះឡើយ បើកើតឡើង នៅតាមដងផ្លូវតូចតាចឬនៅជាយក្រុង គេអាចមើលរំលងបានតែនេះ មហាវិថីកណ្ដាលទីក្រុងស្មោះ។ យកល្អអាជ្ញាធរសមត្ថកិច្ចគួរតែស្រាវជ្រាវរកម្ចាស់កញ្ច្រែងត្រីប្រឡាក់នេះ អោយឃើញហើយធ្វើការណែនាំ អប់រំគាត់អោយយល់ពីសោភ័ណភាព និងសណ្ដាប់ធ្នាប់ទីក្រុងឈប់អោយគាត់ធ្វើនូវទង្វើបែបនេះតទៅទៀត៕

រូបភាពយកចេញពីបណ្តាញទំនាក់ទងហ្វេសប៊ុក