(ត្បូងឃ្មុំ)៖ ថ្លែងក្នុងកិច្ចសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋ បងប្អូនសាសនិកឥស្លាមនៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូអឃ្មុំ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានផ្តាំរំលឹកដល់បងប្អូនខ្មែរ-ឥស្លាម ត្រៀមខ្លួនទាំងអស់គ្នាទៅបោះឆ្នោត ដែលនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦។
លោក អូស្មាន ហាស្សាន់ បន្ថែមថា ការសម្រេចជ្រើសរើសមេដឹកនាំ ក៏ដូចជាការសម្រេចលើជោគវាសនា ដល់ប្រជាជាតិទាំងមូល ខណៈដែលការសម្រេចចិត្តកន្លងមក របស់ប្រជារាស្រ្តគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលទទួលបានមកវិញនូវសេចក្តីសុខក្សេមក្សាន្ត សេរីភាព សុខដមបនីយកម្មដល់ជាតិទាំងមូល ហើយកម្ពុជានឹងបានទទួលនូវអ្វីៗកាន់តែប្រសើរបន្ថែមទៀត បើនៅតែបន្តជ្រើសរើសសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិបន្តទៅមុខ។
លោករដ្ឋមន្រ្តីប្រតិភូ បានសរបញ្ជាក់ ពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺបានខំប្រឹងពុះពារគ្រប់ឧបសគ្គនានា ដើម្បីបុព្វេហតុជាតិ តាំងពីបាតដៃទទេ រហូតសព្វថ្ងៃ យើងបានទទួលនូវសមិទ្ធផលនានា ប្រទេសជាតិមានការអភិវឌ្ឍន៍គ្រប់វិស័យ ហើយរឹតតែពិសេស ដែលប្រជាពលរដ្ឋគ្រប់រូបប្រាថ្នានោះ គឺការផ្តល់នូវភាពកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំកំពូល ខណៈលោកបាននិងកំពុងផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំ ដល់ប្រជាពលរដ្ឋទូទៅគឺនិយាយជារួម ហើយនិយាយដោយឡែក សម្រាប់សហគមន៍ខ្មែរឥស្លាម ដែលមានប្រជាជនសរុបប្រមាណជិត៧០ម៉ឺននាក់ គឺពិតជាមិនត្រូវបានមើលរំលងដោយរាជរដ្ឋាភិបាលឡើយ។
លោក អូស្មាន ហាស្សាន់ ក្នុងនាមសហគមន៍ខ្មែរឥស្លាម បានលើកឡើងថា សហគមន៍របស់លោកត្រូវបានផ្តល់ជូននូវសមិទ្ធផលនានាជាច្រើន ហើយអ្វីដែលសំខាន់ទៅទៀត លោកបានបញ្ជាក់ពីគុណូបការៈដែលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលនានាទៀត ដែលបានធ្វើឲ្យពលរដ្ឋកម្ពុជាទាំងមូល រស់រានមានជីវិតឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺគ្រប់សាសនាទាំងអស់ ត្រូវបានរស់ឡើងវិញ ជាពិសេសសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ បន្ទាប់មកមានសាសនាឥស្លាម និងសាសនាដទៃទៀត។
ក្នុងឱកាសនោះផងដែរ លោក អូស្មាន ហាស្សាន់ ក៏បានឧបត្ថម្ភជូនលោកតាលោកយាយចាស់ជរា ចំនួន៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល យុវជនចំនួន២៥នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល ឧបត្ថម្ភដល់ព្រះវិហារភូមិអំពាក់២ ឃុំសេដា ថវិកាចំនួន៥០០ដុល្លា និងជូនគណៈដឹកនាំវិហារ ចំនួន៥០ម៉ឺនរៀល ជួសជុលវេទិកាបាល់ទាត់ប្រចាំភូមិ១០០ដុល្លា ប្រជាការពារ២២នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល៕