(ភ្នំពេញ)៖ ស្ដែងចេញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ-កម្មការិនី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំជាថ្មីម្ដងទៀតថា នៅពេលទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ កម្មករ-កម្មការិនីត្រូវយកប័ណ្ណស្គាល់ខ្លួន ដែលចេញដោយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដាក់ជាប់តាមខ្លួនជានិច្ច ដើម្បីទទួលបានសេវាដោយឥតគិតថ្លៃ។
សម្ដេចតេជោ ហ៊ុន សែន ក្រើនរំឭកដល់កម្មករនិយោជិតយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺន៦ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា គ.ស ២០១៨។
សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ទាំងកម្មករ-កម្មការិនី ទៅណាត្រូវយកបណ្ណដែលស្គាល់ថាជាកម្មករទៅជាមួយ ដើម្បីធានាថា នៅពេលដែលយើងចូលមន្ទីរពេទ្យ យើងមិនត្រូវបានបង់ថ្លៃទេ នៅពេលដែលយើងជិះរថយន្តក្រុង យើងមិនត្រូវបានបង់ថ្លៃទេ យើងមិនអាចអះអាងថា យើងជាកម្មករ ឬកម្មករិនី ហើយទាមទារឲ្យគេមិនយកប្រាក់ពីយើងបានទេ នេះគ្រាន់តែជាការរំឭកចំពោះក្មួយៗតែប៉ុណ្ណោះ»។
បានជាសម្ដេចតេជោក្រើនរំឭកបែបនេះ ដោយកន្លងមក មានបញ្ហាតូចមួយបានកើតឡើង រវាងគ្រួសារស្ដ្រីមានផ្ទៃពោះ ជាមួយមន្ទីរពេទ្យរដ្ឋមួយ ដោយតែស្ដ្រីមានផ្ទៃពោះនោះ ពេលទៅទទួលសេវាសុខាភិបាល មិនបានយកបណ្ណកម្មករទៅជាមួយ ហេតុនេះហើយ ទើបមន្ទីរពេទ្យធ្វើការពិនិត្យឲ្យ តែគិតតម្លៃសេវាពេញថ្លៃ ម្ល៉ោះហើយខាងស្ត្រីមានផ្ទៃពោះ ក៏មានការអះអាងថា ខ្លួនជាកម្មការិនី មិនតម្រូវឲ្យបង់ថ្លៃសេវាសុខាភិបាលនេះទេ។ តែទោះជាយ៉ាងណា រយៈពេល១ម៉ោងក្រោយមក បញ្ហាដំបូងមួយនេះត្រូវបានដោះស្រាយចប់ទៅវិញ ដោយខាងស្ត្រីមានផ្ទៃពោះបានបង្ហាញបណ្ណសម្គាល់កម្មករជូនមន្ទីរពេទ្យ ហើយមន្ទីរពេទ្យក៏បានប្រគល់ថវិកាដែលខាងស្ត្រីមានផ្ទៃពោះបង់នោះ គ្រប់ចំនួនទៅវិញដែរ។
ដូច្នេះហើយ ដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងទៀត ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យកម្មករ-កម្មការិនីទាំងឡាយ ត្រូវតែយកបណ្ណស្គាល់កម្មករ-កម្មការិនីនេះ ទៅជាមួយខ្លួនជានិច្ច។
សូមជម្រាប ចាប់ពីឆ្នាំ២០១៨ តទៅ រាជរដ្ឋាបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់បុរសខ្លាំង សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី ស្ដ្រីមានផ្ទៃពោះជាដើម ដូចជា ការពិនិត្យសុខភាពដោយឥតគិតថ្លៃ កម្មការិនីសម្រាលបានកូនម្នាក់ ទទួលបានថវិកា ៤០ម៉ឺនរៀល កូនភ្លោះ២នាក់ ទទួលបានថវិកា ៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ ទទួលបានថវិកាចំនួន ១លាន២០ម៉ឺនរៀល ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ ក្រៅពីការពួកគេក៏អាចជិះរថយន្តក្រុងទៅមក ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃផងដែរ។
ប៉ុន្តែដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ កម្មករ-កម្មការិនីទាំងអស់ ត្រូវតែមានបណ្ណសម្គាល់កម្មករ-កម្មការិនីរៀងៗខ្លួន ដែលចេញដោយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ហើយបណ្ណ ប.ស.ស នេះ គ្មានការបង់វិភាគទានដូចមុនឡើយ ព្រោះការបង់វិភាគទាននេះ ជាបន្ទុករបស់ម្ចាស់ និងនិយោជកសហគ្រាស គ្រឹះស្ថានរបស់កម្មករ-កម្មការិនីទាំងនោះ។
ជាមួយគ្នានោះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានកោតសរសើរចំពោះក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានខិតខំធ្វើការសព្វគ្រប់បែបយ៉ាង ដើម្បីយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ពិសេសកម្មការិនីមានផ្ទៃពោះ និងសម្រាលបុត្រ ឲ្យទទួលបានសេវាសុខាភិបាលនានា ដោយឥតគិតថ្លៃ និងបង្កើនការថែទាំយ៉ាងដិតដល់ ទោះបីមានបញ្ហាបន្តិចបន្តួចយ៉ាងណាក្ដី៕