(ភ្នំពេញ)៖ នៅម៉ោងជាង១រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញមាតុភូមិនិវត្តមកកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅប្រទេសឡាវរយៈពេល៥ថ្ងៃ។
សូមជំរាបថា សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាវ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែមករា ឆ្នាំ២០១៨។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានជំរុញឱ្យកងទ័ពនៅព្រំដែនប្រទេសទាំងពីរ ជាពិសេសបញ្ជាការយោធាខេត្តអាតាពើ និងយោធាខេត្តចំប៉ាសាក់ របស់កងទ័ពប្រជាជនឡាវ ដែលមានព្រំដែនជាប់ជាមួយយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ត្រូវរួមគ្នាថែរក្សាសន្តិសុខព្រំដែន ហើយដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងប៉ះទង្គិចគ្នា។ កិច្ចប្រជុំទ្វេភាគីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-ឡាវ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិឡាវ៕