(ភ្នំពេញ)៖ រហូតមកទល់ពេលនេះលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចថា អនុញ្ញាត ឬមិនអនុញ្ញាតឲ្យអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលជួបលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុងនោះទេ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា បានថ្លែងថា លេខាធិការដ្ឋានរដ្ឋបាល បានទទួលលិខិតនេះ ហើយបញ្ជូនទៅលោកចៅក្រមស៊ើបសួរ ដើម្បីពិនិត្យអំពីការស្នើសុំនេះ។
លិខិតលោក ម៉ៅ មុនីវណ្ណ បញ្ជាក់ថា រូបលោក រួមទាំងអតីតតំណាងរាស្ត្រ៤រូបទៀត មានលោក អ៊ូ ច័ន្ទរ័ត្ន លោក ជាម ចន្នី លោក កង គឹមហាក់ និងលោកស្រី តែ ច័ន្ទមុនី រួមទាំងសហការី១០រូបទៀត បានស្នើសុំការអនុញ្ញាត ដើម្បីចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០១៨ ខាងមុខ។ លិខិតនេះបានចូលដល់សាលាដំបូងរាជធានីភ្នំពេញហើយ នៅថ្ងៃទី១៦ ខែមករា។
ក្រុមអតីតតំណាងរាស្រ្ត CNRP បានស្នើសុំជួប លោក កឹម សុខា អតីតប្រធាន CNRP នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោយផ្ទុះទំនាស់ផ្ទៃក្នុង ក្រោយពេល លោក សម រង្ស៊ី បង្កើត «ចលនាសង្រ្គោះជាតិ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ និង លោកស្រី ជូឡុង សូមូរ៉ា បានប្រកាសបង្កើត ចលនាសង្រ្គោះជាតិនេះ ហើយអះអាងថា ចលនានេះ ត្រូវបានបង្កើតឡើង ដើម្បីទាមទារឲ្យមានការដោះលែង លោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
ភ្លាមៗនោះ អតីតសមាជិកបក្សប្រឆាំងប្រមាណ៥០នាក់ ដែលសុទ្ធសឹងតែជាបក្ខពួករបស់ លោក កឹម សុខា បានចេញសេចក្តីប្រកាសប្រឆាំងចំពោះចលនា ដែលបង្កើតឡើងដោយ ក្រុមរបស់ទណ្ឌិត សម រង្ស៊ី នាពេលនេះ។ ជាមួយគ្នានេះ អតីតសមាជិកបក្សប្រឆាំងទាំងនោះបានអះអាងថា ពួកគេនឹងមិនចូលរួម ជាមួយចលនានេះនោះឡើយ ហើយបន្តធ្វើសកម្មភាពក្រោមក្របខណ្ឌគណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន៕