(ភ្នំពេញ)៖ សិប្បកម្ម ផលិតស្ករត្នោតកែច្នៃពីរទីតាំង ត្រូវបានសមត្ថកិច្ចចម្រុះ រួមមាន មន្រ្តីកាំកុងត្រូល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានចុះបង្រ្កាប។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងទាំងពីរនេះស្ថិតនៅផ្ទះលេខ២១៥ និងផ្ទះលេខ២១៩ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
ក្រោយការចុះពិនិត្យ សមត្ថកិច្ចបាននាំម្ចាស់សិប្បកម្មផលិតស្ករត្នោត ទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីធ្វើការសួរនាំ និងនាំយកទាំងវត្ថុតាងជាច្រើន រួមមាន៖ ស្ករត្នោតស្ករស ម្សៅស និងវត្ថុផ្សេងទៀត ដែលអាចបន្លែងទៅជាស្ករត្នោត ដើម្បីធ្វើតេស្តរកមើល សារធាតុគីមី ដែលធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែរឬអត់។
ម្ចាស់ទីតាំង ដែលសមត្ថកិច្ចនាំយកទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ឈ្មោះ ឆែ គីម ភេទស្រី អាយុ៥៨ឆ្នាំ៕