(ត្បូងឃ្មុំ)៖ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីចង្វាក់ផលិតកម្មម្សៅដំឡូងមី និងបញ្ហាប្រឈមនានា ដែលរាំងស្ទះដល់ការនាំចេញម្សៅដំឡូងមីកម្ពុជានោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យសហគ្រាសផលិតម្សៅដំឡូងមី សញ្ញាហង្សពីរ ស្ថិតនៅភូមិកៀនរូង សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសចុះទៅពិនិត្យសហគ្រាសផលិតម្សៅដំឡូងមីនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោករដ្ឋមន្ត្រីបានពិនិត្យមើលដំឡូងមីស្រស់ ដែលសហគ្រាសប្រមូលទិញពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងតាមបណ្តាខេត្តនានា ព្រមទាំងទស្សនាខ្សែសង្វាក់ផលិតកម្មម្សៅដំឡូងមី តាំងពីដើមរហូតដល់ផលិតផលសម្រេច ក្រោមការបង្ហាញពីលោក សុង ហេង ប្រធានសហគ្រាសផលិតម្សៅដំឡូងមី សញ្ញាហង្សពីរ។
ពាក់ព័ន្ធបញ្ហាប្រឈមដែលសហគ្រាសកំពុងជួបប្រទះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ លោក សុង ហេង បន្តពង្រឹងសង្វាក់ផលិតកម្មរបស់ខ្លួន និងបានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ និងអភិវឌ្ឍឧស្សហកម្មដំឡូងមី តាមរយៈការចរចារស្វែងរកទីផ្សារថ្មីៗ, ការចងក្រងគោលនយោបាយដំឡូងមី, ការរៀបចំទិវាដំឡូងមីប្រចាំឆ្នាំ និងការអនុវត្តគម្រោងពង្រីក និងធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា ដំណាក់កាលទី ២ (CEDEP II) ព្រមទាំងគម្រោងជំរុញទីផ្សារខ្នាតតូច ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រជាកសិករ និងការស្វែងទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្ម រួមទាំងដំឡូងមីផងដែរ។
សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ នៅលើពិភពលោក និងលំដាប់ទី៤ នៅក្នុងតំបន់។ ការនាំចេញផលិតផលដំឡូងមីរបស់កម្ពុជា (ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមី) បានកើនឡើងពី ០,២២លានតោន ក្នុងឆ្នាំ២០១២ ដល់ជាង ៣,៦លានតោន ក្នុងឆ្នាំ២០១៦។ គិតត្រឹមរយៈពេល ៩ខែដើមឆ្នាំ២០១៧ ការនាំចេញផលិតផលដំឡូងមីកម្ពុជា សម្រេចបានជាង ១,៨លានតោន៕