(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងជំនួបមុនកិច្ចប្រជុំមេគង្គ-ឡានឆាង នាថ្មីៗនេះ លោក ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្រ្តីថៃ បានយល់ព្រមប្រកាសពន្យារពេល៦ខែទៀត ដល់ពលករខ្មែរដែលធ្វើការ និងស្នាក់នៅមិនទាន់ស្របច្បាប់នៅប្រទេសថៃ ដើម្បីបំពេញឯកសារស្របច្បាប់របស់ខ្លួនឡើងវិញ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានជំរុញឱ្យក្រសួងការងារពន្លឿនការធ្វើបែបបទស្របច្បាប់ ដល់ពលករផងដែរ។
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេច បន្តចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបប្រមាណ១៦,៩០៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នៅពេលដែលមានការប្រជុំមេគង្គ-ឡានឆាង នៅទីក្រុងភ្នំពេញ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អ៊ូចា ក៏បានប្រកាសពន្យារពេល សម្រាប់ការស្នាក់នៅ ដោយមិនទាន់ស្របច្បាប់ រយៈពេល៦ខែទៀត ដូច្នេះក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តការខិតខំបន្តការងារចំពោះមុខ ដើម្បីឱ្យពលកររបស់យើងដែលកំពុងរស់នៅ ប្រទេសថៃដែលមិនទាន់ស្របច្បាប់ ទៅជាស្របច្បាប់»។
សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំរកការងារឱ្យពលករខ្មែរ នៅក្រៅប្រទេសឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបង្កើតចំណូលរបស់ពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់ម្តងទៀតថា ពលករខ្មែរ ដែលទៅធ្វើការនៅក្រៅប្រទេសត្រូវតែខិតខំក្រេបយកជំនាញឯកទេស ដើម្បីពេលត្រឡប់មកកម្ពុជាវិញ មានជំនាញក្នុងការបំពេញការងារសម្រាប់តម្រូវការក្នុងប្រទេស៕