(បន្ទាយមានជ័យ)៖ អាវុធហត្ថខេត្តបានបញ្ជូនមនុស្សគរ ថ្លង់ម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើស លួចទ្រព្យសម្បត្តិ ។
ការឃាត់ខ្លួននេះធ្វើឡើង បន្ទាប់ពីម្ចាស់គេ ដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដែលជនសង្ស័យ បានលួចម៉ូទ័រស្វាន នៅចំណុចហាងលក់ទំនិញហ្គូដឡាក់ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងនាព្រឹកថ្ងៃទី១៧ ខែកមរានេះថា ក្រោយទទួលបាន ពាក្យបណ្តឹងដែលចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ របស់ឈ្មោះ ថា ស្នា អាយុ ២៥ឆ្នាំ ដែលមាន ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លោកក៏បាន ដឹកនាំកម្លាំងចុះស្រាវជ្រាវ កំណត់មុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់មានឈ្មោះហៅក្រៅ អាគរ (ជាមនុស្សគរថ្លង់) មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់បន្ថែមថា «ជនសង្ស័យជាមនុស្សគរថ្លង់ មិនអាចសួរនាំអ្វីបានទេ តែយោងលើ ភស្តុតាងដែលមាន ក្នុងកាមេរ៉ាសុវត្ថិភាព ទើបយើងអាចកំណត់បានមុខសញ្ញាពិតប្រាកដ និងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់កាតបន្តតាមនីតិវិធីច្បាប់»។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា «ចំពោះជន សង្ស័យដែលជាមនុស្សគរថ្លង់ យើងមិនអាចសួរនាំអ្វីបាន ឡើយតែដោយផ្អែកលើការបំភ្លឺរបស់ដើមបណ្តឹង សាក្សី និងវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព យើងអាចកំណត់បានថា ជនសង្ស័យពិតជា បានប្រព្រឹត្តអំពើលួចពិតប្រាកដមែន»។
បច្ចុប្បន្នកម្លាំងជំនាញកង រាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕