(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ជាទិញរបស់ក្រុមហ៊ុននានាទាំងផ្នែកកសិកម្ម និងផ្នែកផ្សេងៗនៅតែបន្តបញ្ជាទិញ ដូចដែលមាននាឆ្នាំកន្លងទៅ ហើយភ្ញៀវទេសចរនៅតែបន្តមកកាន់កម្ពុជា គ្រាដែលឆ្នាំកន្លងទៅមានរហូតដល់ទៅជាង ៥លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានបន្ដថា ព្រោះតែមានកំណើនភ្ញៀវទេសចរនេះហើយ ទើបកម្ពុជាចាប់ផ្តើមគិតគូរកសាងព្រលានយន្តនៅសៀមរាប និងនៅភ្នំពេញ ព្រោះព្រលានយន្តហោះបច្ចុប្បន្នមិនអាចឆ្លើយតបនឹងកំណើនភ្ញៀវបាននោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការបញ្ជាទិញនៃបណ្ដាក្រុមហ៊ុន ដែលនាំចេញពីកម្ពុជាទាំងវិស័យកសិកម្ម ទាំងវិស័យកសិកម្មនៅតែបន្ដរក្សានូវអ្វីដែលមានកាលពីពេលមុន អ្នកទេសចរណ៍ដែលរៀបចំធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏បន្ដមកតាមការគ្រោងទុករបស់ពួកគេ ហើយចំនួនទេសចរណ៍កាន់តែមានការកើនឡើង»។
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីសរុបជិត១៧,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ។
សូមជម្រាបថា នៅឆ្នាំ២០១៧ មានភ្ញៀវអន្តរជាតិដែលមកទស្សនាកម្ពុជាមាន ៥.៦លាននាក់ កើនឡើងជិត១២ភាគរយ ក្នុងនោះមានទេសចរចិន ១.២លាននាក់ ឈរលើលំដាប់លេខ១តែម្ដង។
ដោយឡែកការនាំចេញទំនិញប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម មានទឹកប្រាក់ចំនួន ៩,៥៥៩,២៧១,០៦៦ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុប ចំនួន៨,០១៧,៩៧៧,៣៨១ដុល្លារអាមេរិក គឺកើនឡើងចំនួន១៩.២២ភាគរយ, នេះបើតាមរបាយការណ៍បូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅបន្ដអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០១៨៕