(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ដែលគេស្គាល់គ្រប់ៗគ្នាថា ជាឧកញ៉ាមួយរូបដែលមានចិត្តសប្បុរសនោះ បានបន្ដឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ ២,១៦៨,៨៨៨ដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា សម្រាប់ឆ្នាំថ្មី២០១៨នេះ ។
ការប្រគល់ថវិកាទាំងអស់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ រវាងអ្នកឧកញ៉ា ហុង ពីវ ប្រគល់ជូនផ្ទាល់ដៃដល់ប្រធានមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា នៅឯមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់តែម្ដង។
នេះជាលើកទី៣ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ឆាគថវិកាដ៏ច្រើនជាងគេនៅកម្ពុជា ដល់មន្ទីរពេទ្យគន្ធបុប្ផា, ដោយកាលពីឆ្នាំ២០១៦ ឧបត្ថម្ភ១លានដុល្លារ ឆ្នាំ២០១៧ឧបត្ថម្ភ២លានដុល្លារ និងឆ្នាំ២០១៨នេះ ២,១៦៨,៨៨៨ដុល្លារអាមេរិក។
មន្រ្តីនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប។ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារកម្ពុជាចាប់ពី១៦០០ ទៅ ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ។
សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា។
សូមរំលឹកថា កាលខែឧសភា ឆ្នាំ២០១៦ ជួយឧត្ថម្ភថវិកា ៣៦ម៉ឺនដុល្លារ សម្រាប់ជួយសាងសង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។ កាលពីថ្ងៃទី០៨ ខែឧសភា ក្នុងឱកាសប្រារព្ធខួបលើកទី១៥៣ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឆ្នាំ២០១៦នេះ បរិច្ចាគថវិកាដល់កាកបាទក្រហម ១លាន ២សែន ៨ម៉ឺនដុល្លារ។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ជួយឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន ៣៤៥ខ្នង។
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ចែកអង្គរសែនក្រអូប ៣៨០តោន តម្លៃជាង ២០ម៉ឺនដុល្លារពីធនាគារស្រូវ ចែកជូនប្រជាពលរដ្ឋ និងបុគ្គលិក កម្មករ ក្នុងក្រុមហ៊ុន
ថ្ងៃទី០៨ ខែតុលា ដែលជាថ្ងៃខួបកំណើតកូនស្រីអ្នកឧកញ៉ា ហុង ពីវ បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្សខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី និងថ្វាយតង្វាយថវិកា ១០ម៉ឺនដុល្លារ និងអង្ករ ៦០០តោន តម្លៃជាង ៣២ម៉ឺនដុល្លារ ដើម្បីព្រះមហាក្សត្រយកទៅចែកជូនប្រជារាស្រ្តក្រីក្រ ១៣ ខែតុលា ឧកញ៉ា ហុង ពីវ បានជួយនាំយកកុមារីពិការភ្នែកទាំងសងខាងម្នាក់ទៅព្យាបាលនៅក្នុងប្រទេសសិង្ហបុរី៕