(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះការបង្កើត «ចលនាសង្រ្គោះជាតិ» នៅឯនាយសមុទ្ររបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅពេលមួយដែលក្រសួងសិក្សាឃើញថា ចលនានេះ ត្រូវបានបង្កើតឡើងដោយខុសច្បាប់កម្ពុជា។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះថា ក្រសួងកំពិងពិនិត្យមើលផ្លូវច្បាប់ ចំពោះការបង្កើតចលនាសង្រ្គោះជាតិ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «ខ្ញុំគិតថា អាហ្នឹងគាត់ប្រកាស ប៉ុន្តែសំខាន់យើងមើលទិដ្ឋភាពច្បាប់ វាត្រូវឬមិនត្រូវ បើវាមិនត្រូវទេមិនអាចធ្វើបានទេ។ បើមិនត្រូវច្បាប់ ចាត់វិធានការយ៉ាងម៉េចចាំបាច់សួរខ្ញុំ ច្បាប់នឹងចាត់វិធានការ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ និង លោកស្រី ជូឡុង សូមូរ៉ា បានប្រកាសបង្កើត ចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ហើយអះអាងថា ចលនានេះធ្វើឡើងដើម្បីលើកកម្ពស់ប្រជាធិបតេយ្យឡើងវិញ ហើយគោលដៅមួយទៀតគឺទាមទារឲ្យមានការដោះលែង លោក កឹម សុខា និងឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ចលនាដែលបង្កើតឡើងដោយ អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសនោះ គឺចលនាឧទ្ទាម ហើយអ្នកដែលចូលរួមបង្កើតចលនានេះ គឺជាអ្នកប្រព្រឹត្តបទល្មើសច្បាប់ យ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។
ទោះជាយ៉ាងនេះក្តី អតីតសមាជិកបក្សប្រឆាំងប្រមាណ៥០នាក់ ដែលសុទ្ធសឹងតែជាបក្ខពួករបស់ លោក កឹម សុខា បានចេញសេចក្តីប្រកាសប្រឆាំងចំពោះចលនា ដែលបង្កើតឡើងដោយ ក្រុមរបស់ទណ្ឌិត សម រង្ស៊ី នាពេលនេះ។ អតីតសមាជិកបក្សប្រឆាំងទាំងនោះបានអះអាងថា ពួកគេនឹងមិនចូលរួម ជាមួយចលនានេះនោះឡើយ ហើយបន្តធ្វើសកម្មភាពក្រោមក្របខណ្ឌគណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន៕