(តាកែវ)៖ ពិតជាដំណឹងដ៏គួរឲ្យរីករាយ បន្ទាប់ប្រជាពលរដ្ឋក្នុងភូមិចំនួន២ គឺភូមិព្រៃភ្លង និងព្រៃដកពរ ឃុំសំបួរ ស្រុកទំា្រង ខេត្តតាកែវ ផ្តិតមេដៃស្នើសុំអាជ្ញាធរ ជួយស្តារប្រឡាមេមួយខ្សែ គឺស្ថានីយ៍សាមពុត (ផ្លូវទឹក) ដើម្បីអាចប្រកបរបរកសិកម្ម សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារនោះ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យក្រសួងធនធានទឹក និងឧតុនិយម ចុះជួយស្តារប្រឡានេះ ជូនប្រជាពលរដ្ឋដោយមិនទុកឲ្យមានបញ្ហារាំងស្ទះនោះឡើយ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បន្ទាប់ពីទទួលដំណឹងអំពើសំណូមពរ របស់ប្រជាពលរដ្ឋនៅតំបន់នោះ រដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ បានចាត់ឲ្យមន្ទីរធនធានទឹកខេត្ត ចុះទៅពិនិត្យមើលប្រព័ន្ធធារាសាស្ត្រស្ថានីយសាមពុត និងបានពិនិត្យឃើញថា ប្រឡាយមេដែលជាប្រព័ន្ធស្រោចស្រពដ៏សំខាន់នេះ កាន់តែរាក់ទៅៗ ដែលទាមទារឲ្យមានការស្តារឡើងវិញជាបន្ទាន់។

លោក ចាន់ យុត្ថា បានបញ្ជាក់ថា កន្លងមកក្រសួងធនធានទឹក ក៏ដូចជាមន្ទីរធនធានទឹកខេត្ត ក៏បានគិតគូរ និងចង់អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រតំបន់នោះដែរ ប៉ុន្តែអាជ្ញាធរដែនដី មិនអនុញ្ញាតឲ្យក្រសួងធ្វើនោះទេ ដោយហេតុផលថា អាជ្ញាធរបានប្រគល់ទីតាំងតំបន់នោះ ឲ្យក្រុមហ៊ុនឯកជនវិនិយោគ ប៉ុន្តែដោយសារក្រុមហ៊ុនឯកជន មិនអាចដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបាន ដូច្នេះក្រសួងមិនអាចទុកឲ្យតំបន់នោះ ជួបបញ្ហាបែបនេះទៀតទេ។

លោកបន្តថា បន្ទាប់ពីចុះស្វែងយល់ជាមួយប្រជាពលរដ្ឋ និងជាអាជ្ញាធរមូលដ្ឋាន អំពីប្រព័ន្ធធារាសាស្ត្រស្ថានីយសាពុតនេះរួចមក លោករដ្ឋមន្ត្រី លឹម គានហោ បានសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសម្តេចតេជោ ក៏បានអនុញ្ញាតឲ្យដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ដោយមិនទុកឲ្យប្រជាពលរដ្ឋ មានបញ្ហាតទៅទៀតឡើយ។

បើតាមលោក ចាន់ យុត្ថា ការចុះស្តារប្រឡាយមេមួយខ្សែនេះ អាចនឹងចាប់ផ្តើមនៅរយៈពេល១ឬ២ខែទៀត បន្ទាប់មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក សិក្សា និងវាយតម្លៃចប់សព្វគ្រប់។
   
សូមជម្រាបថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន២ គឺភូមិព្រៃភ្លង និងព្រៃដកពរ នៅឃុំសំបួរ ស្រុកទំា្រង ខេត្តតាកែវ បានធ្វើលិខិតផ្តិតមេដៃស្នើទៅអភិបាលខេត្ត ឱ្យជួយស្តារប្រឡាយស្ថានីយ៍សាមពុត (ផ្លូវទឹក) ប្រមាណ៣គីឡូម៉ែត្រ ដើម្បីឱ្យកសិករអាចប្រកបរបរធ្វើកសិកម្ម សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។

តាមប្រជាកសិករ និងជាសមាជិកភូមិព្រៃភ្លង កញ្ញា សែម នីម បានឱ្យដឹងថា ប្រព័ន្ធធារាសស្ត្រ សាមពុតនេះ បង្កើតឡើងកាលពីអំឡុងឆ្នំា១៩៩១ ដើម្បីឱ្យកសិកររស់នៅក្នុងតំបន់ អាចប្រកបមុខកសិកម្មជាស្នូល ក្រៅពីការប្រកបមុខរបរផ្សេងៗ។

កញ្ញា សែម នីម បន្តថា «មកដល់សព្វថ្ងៃនេះស្ថានីយ៍មូមទឹកសាមពុត មិនអាចឱ្យប្រជាកសិករធ្វើស្រែបានគ្រប់រដូវ ដូចការចង់បានពីមុនៗនោះទេ ព្រោះជម្រៅបាតប្រឡាយមេនេះ វាកាន់តែរាក់ទៅហើយ។ ជាក់ស្តែង នៅពេលរដូវប្រាំងមកដល់ ស្ថានីយ៍មូមទឹកសាមពុត ត្រូវដាច់ប្រភពទឹកទាំងស្រុង»

កញ្ញាបន្តថា ដើម្បីកសិករទំាង២ភូមិ ដែលមានផ្ទៃដី ធ្វើស្រែប្រមាណ១០០ហិកតា ទទួលបានអត្ថប្រយោជន៍ពីស្ថានីយបានដូច គ្រាមុនៗ មានទឹកគ្រប់គ្រាន់ដែល អាចឱ្យប្រជាពលធ្វើស្រែគ្រប់រដូវបាន ប្រជាពលរដ្ឋរស់នៅភូមិព្រៃភ្លង និងភូមិព្រៃដកពរ បានស្រុះស្រួលគ្នា ផ្តិតមេដាយ បានជាង៣០០នាក់ ដើម្បីរៀបចំឯកសារស្នើសុំទៅអាជ្ញាធរខេត្តតាកែវផ្ទាល់ ខណៈដែលការស្នើសុំកន្លងមក (ផ្ទាល់មាត់) ទៅថ្នាក់ស្រុក ស្ងាត់រហូតគ្មានចម្លើយ ធ្វើឱ្យកសិករគ្មានសង្ឃឹម។

លោក ជី ជីម មេឃុំសំបួរបានបញ្ជាក់ឲ្យដឹងផងដែរថា លោកបានទទួលរួចហើយនូវសំណូររបស់ប្រជាពលរដ្ឋទាំង២ភូមិខាងលើ ពាក់ព័ន្ធបញ្ហាស្តារប្រឡាយមេមួយខ្សែនេះ ប៉ុន្តែឃុំគ្មានលទ្ធភាពជួយទេ ព្រោះក្នុង១ឆ្នាំមូលនិធិឃុំមានតែជាង១ម៉ឺនដល្លារប៉ុណ្ណោះសម្រាប់ការងារអភិវឌ្ឍន៍ឃុំ ហើយឆ្នាំនេះ គឺថវិកាមូលនិធិត្រូវបានយកទៅជួសជុល ផ្លូវប្រវែង៣គីឡូម៉ែត្រ។ ដូច្នេះមានតែចាំឆ្នាំក្រោយទើបអាចយកមូលនិធិនេះ សម្រាប់ស្តារប្រឡាយនេះ តែប្រហែលថវិកានេះ មិនគ្រប់នឹងស្តារប្រឡាយមេនេះទេមើលទៅ។

លោកមេឃុំ បានឲ្យដឹងផងដែរ មូលហេតុដែលនាំការងារនេះមានការរាំងស្ទះ ដោយសារតែលោក សៀង ឈុនទ្រី ក្រុមការងារគណបក្សប្រជាជន ចុះជួយតំបន់នេះ ធ្លាប់បានលើកឡើងថា លោក និងក្រុមការងារ គ្មានលទ្ធភាព (គ្មានថវិកា) នោះទេ ចំពោះការស្តារប្រឡាយមួយនេះ។

លោកមេឃុំបន្តថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ លោកបានរៀបចំសំណើស្នើទៅកាន់តាមឋានានុក្រម កាន់អភិបាលស្រុក ទៅមន្ទីរធនធានទឹកខេត្ត និងសាលាខេត្តផងដែរ ដើម្បីជួយដោះស្រាយបញ្ហាស្តារប្រឡាយមួយខ្សែនេះ ប៉ុន្តែលទ្ធយ៉ាងណានោះ លោកមិនទាន់ដឹងនៅឡើយទេ។

ចំពោះការស្តារប្រឡាយទឹកនេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បញ្ជាក់ឲ្យដឹងថា ការស្តារប្រឡាយ ប្រហែល៣គីឡូម៉ែត្រនេះ មិនដែលសុំមកអភិបាលខេត្តទេ ។ លោកថា រដ្ឋបាលខេត្តអត់មានខ្ទង់ថវិកាធ្វើប្រឡាយ អីចឹងឱ្យប្រជាពលរដ្ឋស្នើសុំទៅលោក សៀង ឈុនទ្រី ជាអ្នកក្រុមការងារគណបក្សប្រជាជន នៅឃុំសំបួរ ស្រុកទ្រាំង។

លោកអភិបាលខេត្ត លើកឡើងថា «អីចឹងប្រាប់មេភូមិ និងមេឃុំ បើគាត់ធ្វើលិខិតស្នើមកខ្ញុំ ក៏ខ្ញុំអញ្ជើញមេភូមិ និងមេឃុំមកដែរ ដើម្បីឱ្យមកពិភាក្សាជាមួយ លោក សៀង ឈុនទ្រី និង លោក សុខ ផេង ដែលជាប្រធានក្រុមការងារចុះជួយស្រុកទ្រាំង ព្រោះខេត្តគ្មានថវិកាសម្រាប់ចំណាយស្តារប្រឡាយនោះទេ»