(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទ Cellcard ដែលមានវត្តមានបម្រើសេវាកម្មផ្នែក ទូរគមនាគមន៍ រយៈជាច្រើនឆ្នាំកន្លងមក កំពុងមានការពង្រីកបន្ថែម លើការវិនិយោគរបស់ខ្លួនទៅលើវិសាលភាព គុណភាព និងទំនើបកម្មនៃការផ្តល់សេវា។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបានប្រកាសជ្រើសរើស «ការងារជាង១០០កន្លែង» តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ។
តម្រូវការជ្រើសរើសនេះ ត្រូវបានបញ្ជាក់ឲ្យដឹង តាមរយៈកម្មវិធីកិច្ចសម្ភាសការងារប្រចាំខែ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុន Cellcard នឹងចាប់ផ្តើមបើកការជ្រើសរើសបុគ្គលិកជាង១០០កន្លែង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១១:៣០នាទីព្រឹក។
បុគ្គលិកទទួលបន្ទុកផ្នែកជ្រើសរើសបុគ្គលិកក្រុមហ៊ុន Cellcard បានលើកឡើងថា «នេះមិនមែនជាលើក ទី១ទេដែលក្រុមហ៊ុនសហការជាមួយនឹងNEA។ បច្ចុប្បន្ន Cellcard មានបុគ្គលិកកំពុងបម្រើការងារប្រមាណ១ពាន់នាក់ ហើយបុគ្គលិកទាំងនោះមាន៤០នាក់ ជ្រើសរើសតាមរយៈNEA ហើយពួកគាត់គឺជាធនធានមនុស្សសំខាន់ ដែលជួយជំរុញឲ្យក្រុមហ៊ុនដំណើរការប្រកបដោយភាពជោគជ័យ » ។
អ្នកទទួលខុសត្រូវដដែលនេះ បានបន្តថា «យ៉ាងណាក៏ដោយក្នុងថ្ងៃព្រហស្បតិ៍ទី១៨ខាងមុខនេះ ក្រុមហ៊ុនមានតម្រូវការជ្រើសរើសបុគ្គលិកចំនួន១៤០នាក់ លើ៣មុខតំណែងផ្សេងៗគ្នាលទ្ធផលជាប់ ឬធ្លាក់ក្រុមហ៊ុននឹងប្រកាសភ្លាមតែម្តងបន្ទាប់ពីកិច្ចសម្ភាសចប់»។
តំណាងក្រុមហ៊ុនដដែលបញ្ជាក់បន្ថែមថា សិស្ស/និស្សិត ឬអ្នកចង់ផ្លាស់ប្តូរការងារ ឬស្វែងរកការងារធ្វើអាចចូលរួមនៅNEA ដោយគ្រាន់តែភ្ជាប់ជាមួយនឹង ប្រវត្តិរូបសង្ខេបដើម្បីសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនតែម្តង។
គិតចាប់ពីឆ្នាំ២០១៧មក តាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌល ការងាររាជធានីភ្នំពេញ បានរៀបចំកម្មវិធីនេះបាន១៥ដងរួចមកហើយ ដែលមានអ្នកចូលរួមជាង១ពាន់នាក់ និងអ្នកដែលទទួលបានជាប់ការងារ ជាស្ថាពរចំនួនជាង៣០០នាក់។
កម្មវិធីនេះគឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់ រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសការងារដល់សាធារណៈជន ជាពិសេស យុវជនដែលចង់ស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានការងារកាន់តែងាយស្រួល ចំណេញពេលវេលានិងនៅមួយកន្លែង។
គួរបញ្ជាក់ថាទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទីភារកិច្ចក្នុងការផ្តល់៖ សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ទីភ្នាក់ងារនេះត្រូវបានបង្កើតឡើង ក្នុងទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេស ក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងមានស្នាក់ការកណ្តាលនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណៈជនទូទៅ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ទំព័រ facebookneakhmer ឬគេហទំព័រ www.nea.gov.khនិងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ៕