(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ ក្លឹបបាល់ទាត់បឹងកេត បានរៀបចំពិធីថ្លែងអំណរគុណដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានជួយឧបត្ថម្ភដល់ក្លឹប និងជួយជ្រោមជ្រែងឲ្យក្លឹបនេះ បានក្លាយជាម្ចាស់ពានរង្វាន់ជើងឯកក្របខណ្ឌកំពូលកម្ពុជា ក្នុងរដូវកាល ឆ្នាំ២០១៧កន្លងទៅ។
ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើឲ្យក្លឹបបឹងកេត ក្លាយជាម្ចាស់ពានជើងឯកក្នុងក្រមខណ្ឌកំពូលរបស់កម្ពុជា ជាពិសេសជាក្លឹបបាល់ទាត់តែមួយគត់ ដែលតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកូតដណ្តើមពានរង្វាន់បាល់ទាត់អាស៊ី (AFC) ផងដែរ។
កំឡុងឆ្នាំ២០១៧ ក្លឹបបឹងកេត បានរៀបចំកម្មវិធី «Cambodia Beer Football Tour» ដោយបាននាំកីឡាករក្នុងក្លឹបល្បីៗជាច្រើនរូប ទៅបង្វឹកបាល់ទាត់ដល់ក្មេងៗ ប្រមាណ៥០០នាក់ នៅក្នុងខេត្តកំពត និងខេត្តកណ្តាល មិនតែប៉ុណ្ណោះក្លឹបបានបង្កើតសាលាបង្រៀន បាល់ទាត់បឹងកេត (Boeung Ket Football Academy School) ដើម្បីបង្ហាត់បង្រៀនដល់កូនខ្មែរ ជាទំពាំងស្នងឬស្សីគ្រប់រូប ដែលនិស្ស័យស្នេហា កីឡាបាល់ទាត់ ជាក់ស្តែងបច្ចុប្បន្នសាលាកំពុងបង្ហាត់សិស្សដែលមានអាយុចាប់ពី៨ ទៅ១៤ឆ្នាំ ចំនួន៦០នាក់។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយក្លឹបបាល់ទាត់បឹងកេត ដោយបានជួយឧបត្ថម្ភដល់ក្លឹបជើងឯកមួយនេះ សម្រាប់ដំណើរការ និងសកម្មភាពផ្សេងៗក្នុងឆ្នាំ២០១៧កន្លងទៅ៕