(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចូលរួមសម្តែងនូវការសោកស្តាយ និងបានផ្តល់អំណោយមនុស្សធម៌ជាលើកទី ២ ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១៨គ្រួសារ ស្មើនឹង ១៨ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី ១៥ ម្សិលមិះនេះ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ។ ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះ សូមកុំអស់សង្ឃឹមហើយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាប៉ុណ្ណោះ។
គ្រួសាររងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លាជួយដោះស្រាយទុក្ខលំបាក ដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។
គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៦០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ តង់១ និងថវិកា ២០០.០០០ម៉ឺនរៀល។
សូមបញ្ជាក់ថា ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ១លើក រួចមកហើយ កាលពីព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨ នេះ៕