(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តសរុបចំនួន ៤២៣,៦៥២គ្រឿង ក្នុងនោះទោចក្រយានយន្ដមានចំនួន៣៦៤,៣៤៣គ្រឿង និងរថយន្ដគ្រប់ប្រភេទចំនួន ៥៩,៣០៩គ្រឿង។
ថ្លែងក្នុងកម្មវិធីបិទសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់បណ្ណបើកបរ យានយន្ដចំនួន ៩១,៥១៦បណ្ណដល់ម្ចាស់យានយន្ដ ដោយក្នុងនោះមណ្ឌលប្ដូរ-ពន្យារប័ណ្ណបើកបរនៅផ្សារទំនើប AEON Mall បានផ្ដល់ចំនួន ២៣,៨៦៥បណ្ណ។
លោកទេសរដ្ឋមន្រ្ដីបានថ្លែងឲ្យដឹងទៀតថា នៅឆ្នាំ២០១៧ ក្រសួងបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ ស្វ័យប្រវត្តិកម្មសម្រាប់ហាងលក់យានយន្ដចំនួន២១០កន្លែង ក្នុងនោះមានហាងលក់ទោចក្រយានយន្ដសុទ្ធ១៣៥កន្លែង ហាងលក់ទោចក្រយានយន្ដ និងរថយន្ដ៥៨កន្លែង និងហាងលក់រថយន្ដសុទ្ធ១៧កន្លែង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ក្រសួងក៏បានផលិតវីដេអូណែនាំ អំពីនីតិវិធីចុះបញ្ជីយានយន្ដ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយសហការជាមួយ JICA និងបានបង្កើត APP លើ Smart Phone សម្រាប់បញ្ជ្រាបការយល់ដឹង និងធ្វើតេស្ដសាកល្បង ផ្នែកទ្រឹស្ដីនៃការបើកបរយានយន្ដ មុននឹងប្រឡងយកបណ្ណបើកបរជាផ្លូវការ ហើយបច្ចុប្បន្នមានអ្នកទាញយ កទៅប្រើប្រាស់ប្រមាណជាង៤ម៉ឺននាក់។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ក្រសួងកំពុងសហការបច្ចេកទេសរៀបចំកម្មវិធី Mobile App ដើម្បីត្រួតពិនិត្យព័ត៌មានយានយន្ដ និងបណ្ណបើកបរ សម្រាប់មន្រ្ដីសមត្ថកិច្ចជំនាញប្រើប្រាស់ និងបានកំពុងតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ជាមួយប្រព័ន្ធទិន្នន័យពន្ធគយ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានអត្តសញ្ញាកម្ម ដើម្បីសម្រួលដល់នីតិវិធី ក្នុងការផ្ទៀងផ្ទាត់បានលឿន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងកាត់បន្ថយការក្លែងបន្លំ៕