(កំពត)៖ ប្រជាពលរដ្ឋប្រមាណ៣៨នាក់ ដែលពួកគាត់អះអាងថា មកពីស្រុកឈូក ខេត្តកំពត បានឡើងមកសាលាខេត្តកំពត ដើម្បីតវ៉ារឿងដីធ្លីឲ្យលោកអភិបាលខេត្តជួយអន្តរាគមន៍ ក្នុងគោលបំណង សំណូមពរឲ្យបន្តវាស់វែងដី និងចេញប័ណ្ណកម្មសិទ្ធជូនពួកគាត់ និងសុំចូលអាស្រ័យផលលើដីកម្មសិទ្ធរបស់គាត់។
ប៉ុន្តែការឡើងមកតវ៉ារបស់ប្រជាពលរដ្ឋខាងលើ ត្រូវបានមជ្ឈដ្ឋាននានាដាក់ការសង្ស័យថា ប្រជាពលរដ្ឋដែលឡើងមកតវ៉ានោះ គឺមានពួកមេខ្លោង ដែលជាជនខិលខូចឈរនៅពីក្រោយខ្នងធ្វើការញុះញង់ ហើយទាំងនេះមិនមែនជារឿងថ្មីនោះទេ គឺវាជារឿងចាស់តែងតែរកគន្លឹះ តវ៉ាមិនចេះចប់ មិនចេះហើយ តាំងពីអតីតអភិបាលខេត្តកំពតលោក ខូយ ឃុនហ៊ួរ, លោក ចាន់ ចេស្តា រហូតមកដល់ លោក ជាវ តាយ អភិបាលខេត្តថ្មីទៀត ដែលធ្វើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ឬស្ថាប័នជំនាញពាក់ព័ន្ធ មានការឈឺក្បាល វិលមុខ ដោយសារតែប្រជាពលរដ្ឋ ដែលមានអ្នកញុះញង់ ហើយខាងពូកែរកស៊ីដីធ្លី ខុសច្បាប់ខាងលើ ឈរចាំបង្គាប់ បញ្ជានៅពីក្រោយខ្នង។
មន្ត្រីសាលាខេត្តកំពត ទទួលបន្ទុកខាងដីធ្លីម្នាក់ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៣៨នាក់ ដែលមកតវ៉ាខាងលើ គឺស្ថិតក្នុងប្រជាពលរដ្ឋ១៨៩គ្រួសារ ដែលមានទំនាស់ ហើយតែងតែឡើង មកតវ៉ាជាច្រើនលើក ជាមួយគូរភាគីម្ខាងទៀត ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ប្រមាណ១០៣គ្រួសារ ដែលមានដីជាក់ស្តែងនៅកន្លែងទំនាស់នោះ។ ដោយឡែកប្រជាពលរដ្ឋ១៨៩គ្រួសារ មិនមែនប្រជាពលរដ្ឋរស់នៅឃុំត្រពាំងភ្លាំង ស្រុកឈូកនោះទេ គឺពួកគេមកពីស្រុកដងទង់ និងមួយចំនួនតូច រស់នៅស្រុកទឹកឈូ ខេត្តកំពតដូចគ្នា។
ប្រភពផ្សេងទៀតបង្ហើបថា ប្រជាពលរដ្ឋទាំង១៨៩គ្រួសារខាងលើ ដោយមានមេខ្លោងធំៗជាអ្នករកស៊ីដីធ្លី និងមានមួយចំនួនជាអាជ្ញាធរ និងមន្ត្រីធំដែលឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ បានចងក្រងរៀបចំ និងនាំប្រជាពលរដ្ឋទាំង១៨៩នាក់ ក្នុងនោះ មានឈ្មោះខ្យល់ជាច្រើនដែលជនខិលខូច បានរៀបចំទុកជាមុន ឲ្យទៅចូលរុករានទន្ទ្រានកាន់កាប់ជាន់លើដី របស់ប្រជាពលរដ្ឋទាំង១០៣គ្រួសារខាងលើ ហើយបង្កើតជាទំនាស់គ្នាមិនចេះចប់ឡើយ។ រហូតរដ្ឋបាលខេត្ត ដោះស្រាយមិនចេញ បានបញ្ជូនទៅថ្នាក់ជាតិ ហើយកាលពីអំឡុង៤ ទៅ៥ខែមុនកន្លងមកនេះ គឺក្រសួងរៀបចំដែនដី នគរូនីកម្ម សំណង់ និងសុរិយោដី បានចាត់តាំងឲ្យមន្ត្រីជំនាញរបស់ខ្លួន ចុះសហការជាមួយអាជ្ញាធរខេត្តកំពត ដោយមានមន្ទីររៀបចំដែនដី នគរូនីកម្ម សំណង់ និងសុរិយោដីខេត្តកំពត ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋទាំង២ភាគី ទំនាស់ខាងលើ ដែលមានដីជាក់ស្តែងនោះ។
ប៉ុន្តែការចុះវាស់វែង គេឃើញប្រជាពលរដ្ឋខាង១៨៩គ្រួសារ ចុះទៅដល់គោលដៅវាស់វែងបានតិចតូចណាស់ ថ្វីត្បិតអាជ្ញាធរពាក់ព័ន្ធ បានប្រកាសជូនដំណឹង មុនការវាស់វែង រយៈពេល៧ថ្ងៃមុនហើយក្តី។ នេះសបញ្ជាក់ឲ្យឃើញថា ក្នុង១៨៩គ្រួសារនេះ មានឈ្មោះខ្យល់ អត់មានមនុស្សពិតច្រើនគ្នា ហើយអ្នកមានឈ្មោះចុះមកវាស់ដីរបស់ខ្លួននោះ មិនដឹងដីនៅឯណា គឺចេះតែមកៗនឹងគេនឹងឯងទៅ។
មន្ត្រីរដ្ឋបាលព្រៃឈើ ដែលមានភារកិច្ច ក្នុងក្រុមការងារវាស់វែងដីធ្លីនោះ បានបង្ហើបឲ្យដឹងថា ដីទំនាស់រវាងប្រជាពលរដ្ឋ១០៣គ្រួសារ និង១៨៩គ្រួសារនេះ គឺស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ដែលដីទីតាំងខាងលើ គឺគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ហើយនៅមុនបទបញ្ជាលេខ០១បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០២ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាស ស្តីពីការបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តាព្រៃឈើ «ស្ទឹងកែវ» លេខ៥៧១ ប្រក-កសករ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១។ លុះដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសជណ លេខ១៤០២ ដោយមានចំណារបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាត់ដី៥២៣,១៣ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្ម ជាកម្មសិទ្ធ ជូនប្រជាពលរដ្ឋ១០៣គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំភ្លាំង ស្រុកឈូក ដោយរាជរដ្ឋាភិបាលបានសម្រេចយល់ព្រមតាមសំណើរ របស់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សុរិយោដី ដើម្បីអនុញ្ញាតឲ្យខេត្ត ធ្វើការចុះបញ្ជីដោយត្រូវអនុវត្តនីតិវិធីនៃការចុះបញ្ជីដី ស្របតាមសេចក្តីណែនាំ លេខ០១៨សណន/កគដ ចុះថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១២ របស់ក្រុមប្រឹក្សាគោលនយោបាយ ដីធ្លីដូចដែលបានអនុវត្តន៍ក្នុងយុទ្ធនាការកន្លងមក។
មន្ត្រីសុរិយោដីមួយរូប សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុង១០៣គ្រួសារខាងលើ ក្រុមការងារបានវាស់វែង ជូនពួកគាត់រួចរាល់អស់ហើយ ដោយអនុវត្តទៅតាម (សជណ) របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរាល់ការទំនាស់ផ្សេងៗ ដែលពាក់ព័ន្ធក្បាលដី របស់១០៣គ្រួសារនេះ ក៏មានវត្តមានលោក ជឹង ផល្លា អភិបាលរងខេត្ត និងលោក ស៊ឹម វុទ្ធា អភិបាលរងខេត្តកំពត បានចុះដោះស្រាយ ជាច្រើនដងរួចរាល់ហើយដែរ មុនពេលបិតផ្សាយនោះ។
ប៉ុន្តែប្រជាពលរដ្ឋ រហូតមកដល់ពេលនេះ មិនទាន់ទទួលបាននូវប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់ម្នាក់ៗនៅឡើយទេ។មន្ត្រីដដែល បន្តទៀតថា ចំពោះប្រជាពលរដ្ឋផ្សេងៗទៀត ដែលមានដីនៅជាប់ប្រជាពលរដ្ឋទាំង១០៣គ្រួសារ ដែលមាន (សជណ) រួចនោះ ក៏ក្រុមការងារវាស់វែងថ្នាក់ខេត្ត ក៏បានវាស់វែងរួចហើយដែរ គឺប្រមាណ១៤០គ្រួសារទៀត ហើយក្រុមការងារ បានរៀបចំធ្វើសំណើរ ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចេញប័ណ្ណកម្មសិទ្ធ ជូនពួកគាត់ដូចប្រជាពលរដ្ឋ១០៣គ្រួសារផងដែរ៕