(ព្រះវិហារ)៖ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានសម្តែងក្ដីថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំពលីកម្ម សព្វគ្រប់បែបយ៉ាង ជូនជាតិប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយលោកបានប្រកាសថា ប្រសិនបើកម្ពុជាគ្មានថ្ងៃ៧ មករានោះទេ កម្ពុជាក៏គ្មានជីវិតថ្មី សេរីភាព សុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍស្ទើរតែគ្រប់វិស័យដូច ពេលបច្ចុប្បន្ននេះឡើយ។
ការលើកឡើងបែបនេះរបស់លោក ឡុង សុវណ្ណ បានធ្វើឡើង នាឱកាសដែលលោក រួមក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ពាន់នាក់ បានប្រារព្ធពិធីអបអរសារទរខួបងនុស្សាវរីយ៍លើកទី៣៩ ទិវាជយ័ជំនះ ថ្ងៃ៧មករា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងស្រុកសង្គមថ្មី។
លោក ឡុង សុវណ្ណ បានបញ្ជាក់ថា «ដូច្នេះថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា នេះជាសច្ចៈធម៌ប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជា យើងទាំងជំនាន់នេះក៏ដូចជាជំនាន់ក្រោយគប្បីយល់ដឹងឲ្យបានច្បាស់លាស់ និងចងចាំជារៀងរហូត។ យើងមិនមែនត្រូវរស់ក្នុងស្រមោល អតីតកាលឡើយ ប៉ុន្តែក្នុងជំហ៊ានឆ្ពោះទៅរកអនាគតដ៏រុងរឿង យើងចាំបាច់ត្រូវយល់ពីប្រវត្តិសាស្ត្រឲ្យបានត្រឹមត្រូវរៀនសូត្រអំពីមេរៀន ជាប្រវត្តិសាស្ត្រទាំងឡាយ ដើម្បីបន្តកសាង និងការពារជាតិយើងតទៅមុខទៀតឲ្យបានរុងរឿង ស្ថិតស្ថេរគង់វង្សដោយចៀសឲ្យផុតពីការកើត មានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយ ដូចដែលប្រជាជាតិយើងបានឆ្លងកាត់អស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃនោះទេ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនោះ ក៏មានពិធីផ្ទេតំណែង លោក សំ លាងទ្រី ប្រធានក្រុមការងារចុះជួយស្រុកឆែប ទៅជាប្រធានក្រុមការងារ ចុះជួយស្រុកសង្គមថ្មីវិញផងដែរ៕