(ព្រះសីហនុ)៖ ស្ដែងចេញពីការប្ដេជ្ញារួមគ្នាជំរុញការអភិវឌ្ឍតំបន់ឆ្នេរនៅកម្ពុជា ក្រសួងទេសចរណ៍ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ នៅតាមខេត្តនៃតំបន់ឆ្នេរ ដែលអនុវត្តក្រោមគម្រោងអភិវឌ្ឍន៍ទេសចរណ៍ នៃមហាអនុតំបន់មេគង្គ (GMS) នៅតាមច្រករបៀងទេសចរណ៍ភាគខាងត្បូង។
រដ្ឋមន្ត្រីស្ដីទីនៃក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានដឹកនាំគណៈប្រតិភូ ADB និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តនៃតំបន់ឆ្នេរ ចុះត្រួតពិនិត្យ សិក្សា និងជំរុញការអភិវឌ្ឍទេសចរណ៍ តាមផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ឆ្នេរ ក្នុងនោះរួមមាន គម្រោងប្រព័ន្ធសម្អាតទឹកប្រើប្រាស់រួច និងគម្រោងសម្អាតសំណល់រឹង ដែលជាផ្នែកមួយនៃចលនាទីក្រុងទេសចរណ៍ស្អាត នៅខេត្តកែប គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត គម្រោងផ្លូវទេសចរណ៍តាមឆ្នេរសមុទ្រ និងកំពង់ផែទេសចរណ៍នៅខេត្តព្រះសីហនុ និងលើកោះរ៉ុង ព្រមទាំងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនទៀត ក្នុងនោះគម្រោងជួយប្រជាពលរដ្ឋ តាមរយៈការបង្កើត និងពង្រឹងសហគមន៍ទេសចរណ៍ ដើម្បីការកាត់បន្ថយភាពក្រីក្រ។
ជាមួយសកម្មភាពការងារដ៏មមាញឹក លោករដ្ឋមន្ត្រីស្ដីទីបានបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រកម្ពុជា បាននិងកំពុងមានសន្ទុះរីកចម្រើនឆាប់រហ័ស និងមានតម្រូវការទេសចរណ៍យ៉ាងច្រើន ខណៈដែលកម្ពុជាបានក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ប្រកបដោយភាពកក់ក្ដៅក្នុងការទស្សនា។
សូមជម្របថា នៅឆ្នាំ២០១៧ មានភ្ញៀវអន្តរជាតិដែលមកទស្សនាទឹកដីដ៏បវររបស់កម្ពុជាមាន ៥.៦លាននាក់ (កើនឡើងជិត១២ភាគរយ) ជាមួយភ្ញៀវក្នុងស្រុកជាង១០លាននាក់ ដោយទទួលបានចំណូលពីវិស័យទេសចរណ៍ប្រមាណ ៤,០០០លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។
តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ២០លាននាក់ នៅឆ្នាំ២០២០ និងទទួលបាន ៣០លាននាក់ នៅឆ្នាំ២០៣០៕