(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គការនានា ដែលមានកាតព្វកិច្ចកាត់ទុក និងបង់ពន្ធលើប្រាក់បៀវត្ស ត្រូវអនុវត្តអត្រាកំណើនតាមថ្នាក់ថ្មី ចំពោះប្រាក់បៀវត្ស ដែលបើកជូននិយោជិតចាប់ពីខែមករា ឆ្នាំ២០១៨តរៀងទៅ ដែលត្រូវដាក់លិខិតប្រកាសបង់ពន្ធប្រចាំខែនីមួយៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់។
ផ្អែកតាមស្ថានភាពគ្រួសារ អ្នកដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យកាត់បន្ថយក្នុងម្នាក់ៗ ១៥០,០០០រៀល ក្នុង១ខែ។ ការកាត់បន្ថយនេះ ធ្វើឲ្យមូលដ្ឋានគិតពន្ធកាន់តែទាប ដែលនាំឲ្យអ្នកដែលមានប្រាក់បៀវត្សក្នុងរង្វង់ពី ១,២០០,០០០រៀល ដល់ ១,៦០០,០០០រៀល (ប្រមាណពី ៣០០ទៅ ៤០០ដុល្លារអាមេរិក) អាចនឹងត្រូវរួចផុតពីការបង់ពន្ធលើប្រាក់បៀវត្ស។
ជាមួយគ្នានេះ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការគណនាពន្ធលើប្រាប់បៀវត្សនេះ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតនូវកម្មវិធីទូរស័ព្ទ (App) «ពន្ធប្រាក់បៀវត្ស ឬ Cambodia Salary Tax 2018» អាចឲ្យអ្នកជាប់ពន្ធកាត់តែងាយស្រួលថា តើប្រាក់បៀវត្សរបស់ខ្លួនជាប់ពន្ធឬអត់?៕