(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ដាក់បង្គន់អនាម័យចល័ត នៅតាមដល់ផ្លូវសាធារណៈសំខាន់ៗមួយចំនួន ដើម្បីជៀសវាងប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ បន្ទោបង់គ្មានសណ្ដាប់ធ្នាប់ ដែលធ្វើឲ្យប៉ះពាល់ ដល់សោភ័ណភាព និងបរិស្ថានទីក្រុង។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចក្រឡាហោម ស ខេង និងជាតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារ ក្នុងឆ្នាំ២០១៨ របស់ក្រសួងសាធារណការ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ។
ការជំរុញឲ្យមានការបង្គន់អនាម័យចល័ននេះ បន្ទាប់ពីសម្តេចក្រឡោហោម ធ្វើដំណើរតាមដងផ្លូវតែងតែឃើញ ប្រជាពលរដ្ឋ មួយចំនួន ឈរបន្ទោបង់ដោយគ្មានរបៀបរៀបរយ តាមជញ្ជាំង និងរបងផ្ទះប្រជាពលរដ្ឋ ដែលមើលទៅពិបាកភ្នែក ដោយសារផ្លូវសាធារណៈទាំងនោះ គ្មានបង្គន់អនាម័យនោះឡើយ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នោះថា «នៅតាមផ្លូវនរោត្ដម...ខ្ញុំមកពីជើងមក ដល់ឈរ (នោម) តាមជញ្ជាំងហ្នឹងរហូត...សុំទោស អីក៏អត់របៀបម្ល៉េះ ត្រង់ហ្នឹងគួរតែរកបន្ទប់បន្ទោបង់ចល័តអីទៅ ដាក់តាមហ្នឹង (ដាក់បង្គន់) កុំឲ្យអត់របៀបដាក់ តាមជញ្ជំាងអីចឹងងាប់ហើយ ភ្ញៀវបរទេសគេមក គេថាស្រុកខ្មែរយ៉ាប់ណាស់...ជាពិសេសម្ដុំដីគេព័ន្ធរបងចោល មកដល់ឈប់ហ្នឹង អត់មានរវីរវល់អីទេ...បើចឹងទេរកបង្គន់ចល័តដាក់ទៅ...ដាក់២ ៣ទៅ តាមផ្លូវនឹងបើនោម ឲ្យនោមនឹងទៅ...អាហ្នឹងល្អដែរ»៕