Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះទៅផ្សព្វផ្សាយដល់សិស្សជាង៦០០នាក់ នៅ​វិទ្យាល័យ ជប់វ៉ារី ស្រុកព្រះនេត្រព្រះ

16-01-2018 15:34

(បន្ទាយមានជ័យ)៖ សិស្សវិទ្យាល័យ ​ជប់ វ៉ារី ស្ថិតនៅ​​ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានទទួលការអប់រំអំពី «សុខភាព និងម្ហូបអាហារ» ពីមន្រ្តីសាខាកាំកុងត្រូលបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ។

នៅក្នុងកម្មវិធីនោះ បានធ្វើឡើងក្រោមការដឹកនាំដោយ ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល លោក ហុង លៀង អនុប្រធានអនុប្រធានសាខា ទទួលបន្ទុកការិយាល័យប្រមូល ចំណូល និងទីផ្សារ ព្រមទាំងមានចូលរូមផងដែរ ពីមន្ទីរពាណិជ្ជកម្ម និងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តផងដែរ។

នៅក្នុងឱកាសនោះលោក ស៊ាន ស៊ីណាត បានអប់រំណែនាំឲ្យប្អូនៗ មានចំណេះដឹងជាមូលដ្ឋាន ក្នុងការជ្រើសរើស ចំណីអាហារ ដែលមានសុវត្ថិភាព តាមរយៈការពិនិត្យមើល ទីតាំងលក់ដូរ ការមើលអនាម័យ ក្នុងនិងជុំវិញទីតាំងលក់ដូរ ការពិនិត្យមើល ស្លាកសញ្ញា និងទ្រង់ទ្រាយ សំបកវេចខ្ចប់ និងការពិនិត្យមើលកាលបរិច្ឆេទ ផុតកំណត់អោយប្រើប្រាស់។

លោក ហុង លៀង បានលើកឡើងផងដែរថា វាជាការសំខាន់ណាស់ដែលអប់រំឲ្យប្អូនៗកុមារ ដែលជាទំពាំងស្នងឫស្សី មានចំណេះដឹងជាមូលដ្ឋាន អំពីសុវត្ថិភាពម្ហូបអាហារ ដែលជាអាទិភាពទីមួយ ក្នុងចំណោមអាទិភាពទាំង១២ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល។

លោកបានបន្ថែមថា ថ្នាក់ដឹកនាំប្រទេស មាតាបិតាគ្រប់រូប យុវវ័យខ្លួនឯងផ្ទាល់ សុទ្ធតែមិនចង់ឃើញខ្លួនឯងដេកឈឺនៅ លើគ្រែពេទ្យ ក្នុងថ្ងៃទទួលសញ្ញាប័ត្រ ដោយសារការទទួលយក ម្ហូបអាហារ ដែលពុំមាន សុវត្តិភាពពីមួយថ្ងៃ ទៅមួយថ្ងៃ នោះទេ៕