(បាត់ដំបង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីមូលដ្ឋាន ចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទការប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់លាយសារធាតុគីមី ហាមឃាត់ចំនួន៥៦គីឡូក្រាម ដែលដាក់តាំងលក់នៅផ្សារស្ដុកប្រវ៉ឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ត្រូវបានយកមករក្សាទុក នៅសាខា ដើម្បីដុតកម្ទេចចោលតាមក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបងបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីមូលដ្ឋាន បានចុះរកឃើញទំនិញចម្រុះដែលហួសកាលបរិច្ឆេទខូចគុណភាព និងដាក់លាយសារធាតុគីមីចំនួន ៥៦គីឡូក្រាម យកមករក្សាទុកនៅសាខាដើម្បីដុតកម្ទេចចោល ជៀសវាងការប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់។
លោកប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា មន្រ្តីជំនាញរបស់លោកតែងតែចុះត្រួតពិនិត្យជាប្រចាំ នៅតាមផ្សារនានាគ្រប់ទីកន្លែងក្នុងទឹកដីខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ កុំឲ្យអាជីវករលក់ដូរទំនិញខូចគុណភាពទាំងនោះជូនអ្នកប្រើប្រាស់ ដែលនាំឲ្យមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋទាំងអស់ផងដែរ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យ ទំនិញគ្រប់ប្រភេទនេះដែរ មន្រ្តីជំនាញក៏បានធ្វើការណែនាំ អប់រំ និងផ្សព្វផ្សាយនៅនឹងកន្លែងលក់ផ្ទាល់ និងអ្នកទិញឲ្យមានការយល់ដឹងពីការប៉ះពាល់សុខភាពរបស់ពួកគាត់ផងដែរ។
លោក ហាក់ សុខរិន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកលក់ និងអ្នកទិញថា នាំគ្នាចូលរួមទប់ស្កាត់ការលួចនាំចូលទំនិញពាក់ព័ន្ធចំណីអាហារខូចគុណភាពគ្រប់ប្រភេទ ហើយត្រូវរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីមានវិធានការ និងដើម្បីសុខភាពប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ៕