(ភ្នំពេញ)៖ ក្រោយជំនួបពិភាក្សាជាមួយលោក ជាំង ហៅ ប្រធានក្រុមហ៊ុន Join Capital investment & Management Co.,Ltd លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងការងារកម្ពុជា នឹងសហការជាមួយក្រុមហ៊ុនចិនមួយនេះ បង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធអនឡាញលើមុខជំនាញជាច្រើន នាពេលខាងមុខ។
កិច្ចពិភាក្សាការងារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ លើកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសថ្មីមួយ គឺការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធអនឡាញ។
លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «តាមអ្វីដែលយើងពិភាក្សាគ្នា គឺតាមបទពិសោធន៍របស់សាធារណរដ្ឋប្រមានិតចិន គេបានទទួលជោគជ័យធំ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញនេះ ដោយសារការបណ្តុះបណ្តាលបែបនេះ ប្រើប្រាស់ធនធានថវិកាតិចជាង ហើយអាចផ្តល់ឱកាសច្រើនដល់យុវជន និងយុវនារី ឬប្រជាពលរដ្ឋដែលពេញនិយម និងចូលចិត្តសិក្សា អីញ្ចឹងយើងបានព្រមព្រៀងគ្នា និងឯកភាពជាដៃគូគ្នារវាងក្រសួងការងារ និងក្រុមហ៊ុនចិននេះ»។
លោករដ្ឋមន្ត្រីបានបន្តថា កម្មវិធីបណ្តុះបណ្តាលតាមរយៈអនឡាញនេះ នឹងធ្វើការបណ្តុះបណ្តាលលើមុខជំនាញ បច្ចេកទេសវិជ្ជាជីវៈ ស្របតាមវិស័យដែលកម្ពុជាកំពុងត្រូវការ លើផ្នែកឧស្សាហកម្ម សេវាកម្ម ស្ថាបត្យកម្ម និងផ្នែកផ្សេងទៀត។ ការបណ្តុះបណ្តាលនេះ ត្រូវតែមានការទទួលស្គាល់ទំាងគុណភាពគ្រប់កម្រិត ចាប់ពីថ្នាក់វិញ្ញាបណ្ណបត្រ សញ្ញាបត្រឡើងទៅ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងការងារចង់ឲ្យកម្មវិធីបណ្តុះបណ្តាលនេះ ឆាប់ចេញជារូបរាង ប៉ុន្តែត្រូវការពេលវេលាពិភាក្សាគ្នាសិន ហើយក្រុមការងារកំពុងតែសហការគ្នាបកប្រែកម្មវិធី ពីភាសាចិនមកជាភាសារខ្មែរ ទោះបីមានកម្មវិធីបកប្រែរបស់ Google ក៏ពិតមែន ក៏ត្រូវបកប្រែពាក្យពេចន៍ឲ្យបានត្រឹមត្រូវដែរ ព្រោះលោករដ្ឋមន្ត្រីចង់ឲ្យមានការបកប្រែជាភាសាបច្ចេកទេសពីចិនមកតែម្តង ដោយគ្រាន់តែបង្កើតកម្មវិធីបកប្រែ ដើម្បីកុំឲ្យមានកំហុសច្រើន។
លោករដ្ឋមន្ត្រីអះអាងថា កម្មវិធីនេះអាចរៀនបានគ្រប់មនុស្សស្រទាប់វណ្ណៈ ដោយគ្រាន់តែមានប្រព័ន្ធអ៊ិនធីរណេត ហើយសម្រាប់កម្មវិធីបណ្តុះបណ្តាលនេះ អ្នករៀនអាចនឹងបង់ថវិកាតិចតួចដែរ៕