(ភ្នំពេញ)៖ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរការ ពស ២៥៦១ ត្រូវថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មាការដើមគរ ខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញ និងយកគំរូមួយចំនួនដូចជា បន្លែស្រស់ ផ្លែឈើស្រស់ គ្រឿងសមុទ្រ ជ្រក់គ្រប់មុខ និងគុយទាវសរសៃរតូច គុយទាវសរសៃធំ មីលឿងស្រស់បញ្ជូនមករថយន្ត Labo ដើម្បីរកសារធាតុគីមីហាមឃាត់។
លោក គង់ វុទ្ធី បានបញ្ជាក់ថា ប្រតិបត្តិការចុះពិនិត្យទំនិញនេះ គឺអនុវត្តន៍ជាបន្ទាប់បន្តដោយស្ថិតក្រោមការណែនាំរបស់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានកាំកុងត្រូលរាជធានីភ្នំពេញ។ ការចុះពិនិត្យទំនិញខាងលើនោះ លោកបានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យយល់ដឹង អំពីសុវត្ថិភាពចំណីអាហារ។
លោកអនុប្រធានក៏បានណែនាំ ដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផល ភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកបានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភព ច្បាស់លាស់សិន មុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែម នូវសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់។
គួរបញ្ជាក់ថា ក្នុងការចុះអនុវត្តន៍ពិនិត្យទំនិញនៅផ្សារដើមគរ គឺមន្ត្រីកាំកុងត្រូលមិនបានដកហូតទំនិញអ្វីទេ ដោយសារពិនិត្យរកមិនឃើញមានជាតិគីមី។ ប៉ុន្តែបើមន្ត្រីកាំកុងត្រូលពិនិត្យឃើញទំនិញ មានសារធាតុគីមី មន្ត្រីកាំកុងត្រូលនឹងអញ្ជើញម្ចាស់ទំនិញ ទៅធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ទំនិញមានសារធាតុគីមី៕