(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញជំហរម៉ឹងម៉ាត់ថា ទាំងរាជរដ្ឋាភិបាល និងក្រសួង នឹងរួមគ្នាខិតខំធ្វើយ៉ាងណា បង្កើតមណ្ឌលថែទាំមនុស្សចាស់ឲ្យបានច្រើននៅកម្ពុជា ដើម្បីបំពេញបន្ថែមលើកំណើន មនុស្ស ចាស់ និងថែទាំមនុស្សចាស់គ្មានលទ្ធភាព អាចរស់នៅបាន ដោយមានការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យក្រុមមនុស្សទាំងនោះ អាចរស់នៅដោយមានអាយុវែង និងមានសុខភាពល្អប្រសើរ។
ការលើកឡើងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងបែបនេះ ខណៈលោកបានជួបពិភាក្សាការងារ ជាមួយ លោកស្រី ហ្សេ រ៉ាល់ឌីនតុក្ស នាយិការប្រចាំប្រទេស នៃអង្គការអរុណរះកម្ពុជា និងក្រុមការងារមួយចំនួនទៀត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង។
លោករដ្ឋមន្រ្តីបានបន្ថែមថា រាជរដ្ឋាភិបាល និងក្រសួង នឹងបន្តខិតខំបង្កើតឲ្យមាន មណ្ឌលថែទាំមនុស្សចាស់ ឲ្យបានច្រើន ទៅតាមលទ្ធភាព ហើយក៏គ្រោងមានការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការមើលថែទាំមនុស្សចាស់ ដោយមាន ការសហការជាមួយអង្គការ ដៃគូជាច្រើនទៀតផងដែរ។ ក្រៅពីនេះ លោករដ្ឋមន្រ្តី បានស្នើដល់អង្គការដៃគូពាក់ព័ន្ធ ចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ដែលមានជំនាញអាចធ្វើការ ថែទាំមនុស្សចាស់បាន នៅតាមមណ្ឌលថែទាំ ដែលមាននៅទូទាំងប្រទេសកម្ពុជា។
លោក វង សូត បន្ថែមឲ្យដឹងថា ផ្ទុយទៅវិញពីមុនស្ថានភាពមនុស្សចាស់ មិនទាន់មានជាបញ្ហាចោទនោះទេ តែពេលបច្ចុប្បន្ននេះ ដោយសារកំនើនមនុស្សចាស់ កាន់តែមានចំណួនច្រើនជាងមុន ជាហេតុធ្វើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច បានខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ លើបញ្ហានេះបន្ថែមទៀត ដើម្បីឲ្យក្រុមមនុស្សចាស់ មានអាយុកាលកាន់តែយូរ និងមានភាពល្អប្រសើរ ជាងមុន។
លោកស្រី ហ្សេ រ៉ាល់ឌីនតុក្ស បានឲ្យដឹងថា លោកស្រីពិតជារីករាយយ៉ាងខ្លាំងដែលបានចូលរួមសហការជាមួយ ក្រសួងសង្គមកិច្ច ក្នុងការបំពេញការងារទាក់ទងនឹងការជួយដល់កុមារ និងមនុស្សចាស់។ លោកស្រី បានបន្ថែមថា អង្គការអរុណរះ នឹងនៅតែបន្ត សកម្មភាព និងរួមសហការគ្នាបន្តទៀត ជាមួយក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះនៅកម្ពុជា។
បន្ថែមពីលើនេះ លោក វង សូត បានឲ្យដឹងថា ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលនៅតែបន្តសកម្មភាពជួយដល់ កុមារដដែល គ្រាន់តែនាពេលយើងបង្វិលការចាប់អារម្មណ៍មកលើមនុស្សចាស់វិញ ក្រោយសង្កេតឃើញថា ចំនួនមនុស្សចាស់ត្រូវការថែទាំ មានចំនួនច្រើនជាងកុមារ។ ចំពោះកុមារគឺមានន័យថា យើងបង្វិលពីការជួយកុមារ នៅក្នុងមណ្ឌល មកជាការជួយនៅតាមសហគមន៍វិញ ដើម្បីមានភាពល្អប្រសើរជាងមុន។
រដ្ឋមន្រ្តី វង សូត យល់ឃើញថា ការផ្តល់ជំនួយនៅតាមសហគមន៍បែបនេះ ហាក់មានភាពល្អប្រសើរជាងការជួយ នៅក្នុងមណ្ឌល ដោយសារថា កុមារមួយចំនួនមានអាណាព្យាបាល តែបែបជាមករស់នៅក្នុងមណ្ឌល ដូចនេះ យើងគួរតែ ប្រមូលផ្តុំ កុមារទាំងនោះ រស់នៅជាមួយសហគមន៍ (គ្រួសារ) វិញ ហើយក្រសួង ក៏ដូចជាអង្គការនៅតែបន្តផ្តល់ជំនួយ ជូនពួកគាត់។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច យល់ឃើញថា កុមារ ដែលរស់នៅក្នុងសហគមន៍ (គ្រួសារ) ទទួលបានភាពកក់ក្តៅ ជាងការរស់នៅ ក្នុងមណ្ឌលកុមារកំព្រា។នៅឆ្នាំនេះ ក្រសួងក៏មានគម្រោងផ្ទេរមណ្ឌលកុមារគៀងឃ្លាំង(ពីមុនជាមណ្ឌលថែទាំកុមារ) ទៅជាមណ្ឌលថែទាំមនុស្សចាស់វិញ ដើម្បីធ្វើយ៉ាងណាឲ្យមាន មណ្ឌលថែទាំមនុស្សចាស់ អាចបំពេញតម្រូវការមើល ថែទាំរបស់មនុស្សចាស់បាន។
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ កម្រិតនយោបាយ ស្តីពីការពិនិត្យកែសម្រួលលើសេចក្តីព្រាងផែនការ សកម្មភាព២០១៧-២០២០ សម្រាប់អនុវត្ត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ កាលពីពេលថ្មីៗនេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងថា ក្រសួងបាននិងកំពុង បង្កើតសមាគមមនុស្សចាស់ឲ្យបានចំនួន១,៦៤៦ ឃុំ-សង្កាត់ នៅក្នុង រាជធានី-ខេត្ត ទូទាំងប្រទេស ក្នុងឆ្នាំ២០១៧ សំដៅជួយដោះស្រាយ ការលំបាកមនុស្សចាស់ និងជួយគ្នាទៅវិញទៅមក ក្នុងករណីមានធុរៈ។
គួរបញ្ជាក់ថា ថ្មីៗនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពាសង្គម ដើម្បីកំណត់ ផែនការយុទ្ធសាស្រ្ត ក្នុងការធានាឲ្យមានសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងហរញ្ញាវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាព ក្រីក្រជាអតិបរមា៕