(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យយានយន្ដកែច្នៃខុសបច្ចេកទេស ទូទាំងរាជធានី-ខេត្ដ សរុបបានជាង២ម៉ឺនគ្រឿង។ នេះបើតាមរបាយការណ៍បូកលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ។
របាយការណ៍ខាងលើនេះ បានបង្ហាញនៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារ ក្នុងឆ្នាំ២០១៨ របស់ក្រសួងសាធារណការ ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមករានេះ។
របាយការណ៍ របស់ក្រសួងសាធារណការ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០១៧ ការងារត្រួតពិនិត្យយានយន្ដកែច្នៃខុស បច្ចេកទេស ទូទាំងរាជធានី-ខេត្ដ បានត្រួតពិនិត្យរថយន្ដសរុបចំនួន ២៣,៦៧៨ គ្រឿង ក្នុងនោះរួមមាន៖
* កាត់ទ្រុង ចំនួន ១,២១៥គ្រឿង, ដោះរានេតខាងក្រោយចំនួន៤៧៣គ្រឿង, ដោះភ្លៅយានយន្ដចំនួន០២គ្រឿង, រថយន្ដល្មើសរក្សាទុកចំនួន៤គ្រឿង, អប់រំណែនាំរថយន្ដដឹកសំពឹងសំពោង ចំនួន៥៤៥គ្រឿង, រថយន្ដខ្វះឯកសារ ចំនួន១៣៩គ្រឿង, រថយន្ដល្មើសចេញចូលក្រុង ចំនួន៦៩៣គ្រឿង និងរថយន្ដបានពិនិត្យឃើញថាត្រឹមត្រូវ ចំនួន២០,៦០៧គ្រឿង។
របាយការណ៍ បានឲ្យដឹងទៀតថា ដោយឡែក ការងារត្រួតពិនិត្យយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃ និងតម្លើងទូទាំង ខេត្ដ-ក្រុង យានដ្ឋានជួសជុលសរុបចំនួន ៣,០៦៩ កន្លែង ក្នុងនោះរួមមាន៖ មានច្បាប់ ចំនួន១,៨១៩កន្លែង, អត់ច្បាប់ ចំនួន១,២៥០កន្លែង, យានដ្ឋានកែច្នៃ និងតម្លើងសរុបចំនួន ១៧៧កន្លែង ក្នុងនោះមាន, មានច្បាប់ ចំនួន ១២៩កន្លែង និងអត់ច្បាប់ ចំនួន៤៨កន្លែង៕