(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត ដោយសហការជាមួយមន្ទីរពេទ្យតាន់ តុកសេង និងមូលនិធិអន្តរជាតិ តេម៉ាសែក ប្រទេសសឹង្ហបុរី បានរៀបចំវគ្គបណ្តុះបណ្តាល ថែទាំបែរពោធនកម្មដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក ចំនួន៤០រូប នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ក្រុមការងាររបស់មន្ទីរពេទ្យតាន់ តុកសេង និងមូលនិធិអន្តរជាតិតេម៉ាសែក ប្រទេសសឹង្ហបូរី គឺជាដៃគូរ សហការរបស់មន្ទីរពេទ្យកាល់ម៉ែត ដោយចាប់ដៃគ្នាធ្វើការអស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺចាប់តាំងពីគម្រោងលើកមុនដែលទើបតែបញ្ចប់នៅឆ្នាំ២០១៧កន្លងមកនេះ គឺគម្រោងកម្មវិធីSTAR (ជំនាញផ្នែករបួស និងការជួយសង្រ្គោះឡើងវិញ) ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។
លោក ឈាង រ៉ា បញ្ជាក់ថា លើកនេះគឺជាការចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាថ្មី ជាមួយនឹងគម្រោង TITAN ដែលមានរយៈពេល៣ឆ្នាំ រវាងស្ថាប័នទាំងបី គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យតាន់តុកសេង និងមូលនិធិតេម៉ាសែក ក្រោមការគាំទ្រប្រកបដោយចីរភាព ពីសំណាក់ក្រសួងសុខាភិបាល ទៅលើការប្តេជ្ញាចិត្ត
បន្ថែមទៅនឹងស្តង់ដារ នៃការថែទាំខ្ពស់ដែលផ្តោតសំខាន់លើគុណភាព សុវត្ថិភាព និងការពេញចិត្ត។
លោកអគ្គនាយក នៃមន្ទីរពេទ្យកាល់ម៉ែត បន្ថែមថា វគ្គបណ្តុះបណ្តាលដំបូងរបស់កម្មវិធីTITAN រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ ដែលមានសិក្ខាកាមជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកចំនួន៤០រូប មកពីមន្ទីរពេទ្យថ្នាក់ជាតិនានាដូចជា មន្ទីរកាល់ម៉ែត មន្ទីរពេទ្យព្រះកុសមៈ និងមន្ទីរមិត្តភាពខ្មែរ សូវៀត៕