(ភ្នំពេញ)៖ បុរសម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់ជាថ្នូររឿងរត់ការធានាផ្ដល់ក្របខ័ណ្ឌយោធា ឲ្យអ្នកពលរដ្ឋក្នុងម្នាក់ៗ១២០០០ដុល្លារត្រូវបាន លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាដាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។
គួររំលឹកថា នគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ មករា ២០១៨ បានចាប់បញ្ជូនជនឆបោករូបនេះទៅតុលាការ ដើម្បីបន្តការសួរនាំ។ ជននេះមានឈ្មោះ ជុំ ប៊ុន្នីវុឌ្ឍ អាយុ៤២ឆ្នាំ មានទីលំនៅផ្ទះលេខ៨DP ផ្លូវលេខ២៥២ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
មន្រ្តីនគរបាលបានឲ្យដឹងថា ការចាប់ខ្លួនបុរសរូបនេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ដើមចមនៃដំណើររឿង កាលពីឆ្នាំ២០១៦ លោក ជុំ ប៊ុន្នីវឌ្ឍ បានទទួលយកប្រាក់ពីមនុស្ស២នាក់ ក្នុងម្នាក់ៗ ចំនួន១២០០០ដុល្លារ ដោយធានាយកទៅរត់ការឲ្យបានចូលក្របខ័ណ្ឌយោធា តែបើមិនបានចូលក្របខណ្ឌយោធាទេ គេ និងប្រគល់ប្រាក់ជូនវិញ ហើយសន្យាសងមួយគុណនិង២លើប្រាក់ដើមនោះទៀតផង។
ក្រោយបញ្ចប់ការពិភាក្សា លោក ជុំ ប៊ុន្នីវុឌ្ឍ បានទទួលយកប្រាក់ពីខាងភាគីពឹងពាក់គ្រប់ចំនួន លុះដល់ថ្ងៃកំណត់ត្រូវលោក ជុំ ប៊ុន្នីវុឌ្ឍ នាំយកឯកសារសម្រាប់បំពេញបែបបទ ឬត្រូវជួបម្ចាស់ប្រាក់ដើម្បីបង្ហាញអង្គភាព ឬកន្លែងដែលធ្វើការងារណាមួយនោះ។
ផ្ទុយទៅវិញលោក ជុំ ប៊ុន្នីវុឌ្ឍ បានបិទទូរស័ព្ទ ធ្វើឲ្យផលលំបាកដល់អ្នកប្រគល់ប្រាក់ទាក់ទងទៀតផង។ សមត្តកិច្ចបន្តថា ហេតុផលទាំងអស់នេះ បានធ្វើឲ្យម្ចាស់ប្រាក់អស់សង្ឍឹម ក៏សម្រេចចិត្តដាក់ពាក្យប្ដឹងតែម្តងទៅ។
ក្រោយពីមានពាក្យបណ្ដឹង លោក ថាន់ ឡេង បានចេញដីកាកោះហៅ១ លើក២លើក តែជននេះមិនបានចូលខ្លួនតាមដីកាកោះទេ ទើបចុងក្រោយនេះចៅក្រម សម្រេចចេញដីកាទៅសមត្ថកិច្ចបង្គាប់ឲ្យចាប់ខ្លួន តាមការចោទប្រកាន់ពីសំណាក់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពី បទឆបោក៕