(ភ្នំពេញ)៖ នៅឆ្នាំ២០១៨នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញទិសដៅអនុវត្តការការងារលើវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដើម្បីបង្កើនភាពងាយស្រួលបន្ថែមទៀត ដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។ បើតាមរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានបង្ហាញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និកលើកទិសដៅការងារឆ្នាំ២០១៨។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ការងារដឹកជញ្ជូនតាមផ្លូវទឹក បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវការធ្វើដំណើរតាមផ្លូវទឹក ពិស្ពានព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ, បន្តសិក្សាបញ្ចប់លើគម្រោងសាងសង់ផែបណ្តែត តាមបណ្តាខេត្ត ដើម្បីសម្រួលការដឹកជញ្ជូន, បញ្ចប់សេចក្តីព្រាងច្បាប់ បទដ្ឋាននានា និងគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា សម្រាប់ការងារនាវាជំនួញសមុទ្រ បានរៀបចំគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនផ្លូវសមុទ្រ, ពិនិត្យឡើងវិញសេចក្តីព្រាងក្រមនាវាចរណ៍សមុទ្រ និងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីនាវិក, ពិនិត្យលទ្ធភាពនៃការចុះបញ្ជីនាវាសញ្ជាតិកម្ពុជា ឡើងវិញ ដោយអនុលោមតាមគោលការណ៍អន្តរជាតិ ដើម្បីធានាថាសេវានៃការចុះបញ្ជីនាវានេះមានតម្លាភាព ស្របតាមការវិវត្តរបស់សង្គមជាតិ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ បញ្ចប់ការសិក្សា និងកំណត់ទីតាំងសាងសង់ផៃទំនិញ និងផែទេសចរណ៍តាមភូមិសាស្ត្រសំខាន់ៗ, បន្តបូមស្តារ ថែរក្សា ការពារផ្លូវទឹក រួមទាំងស្ថាបនាសំណង់ការពារច្រាំងបាក់នៅទីតាំងសំខាន់ៗ, សិក្សាទិន្នន័យដើម្បីផលិតផែនទី ជលមាគ៌ានាវាចរណ៍, មិនតែប៉ុណ្ណោះរដ្ឋបាលកំពង់ផែ បានជំរុញ និងធ្វើទំនើបកម្មវិស័យកំពង់ផែ រួមទាំងការបង្កើតប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច (EDI), ជំរុញរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែនៅកម្ពុជាផងដែរ៕