(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យគោលដៅការដ្ឋាន សំណង់ និងកន្លែងស្នាក់នៅមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក ដើម្បីឃាត់ខ្លួនជនជាតិចិន ដែលស្នាក់នៅនិងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជាលទ្ធផលកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិនចំនួន៧៤នាក់ ក្នុងនោះស្រី២នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន។
បើតាមលោកឧត្តមសេនីយ៍ សម្រាប់ជនជាតិចិនទាំង៧៤នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕