(ភ្នំពេញ)៖ នៅគ្រាដែលអាកាសធាតុ នៅកម្ពុជាចុះត្រជាក់ខ្លាំងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានអំពាវនាវ និងជំរុញឲ្យប្រជាពលរដ្ឋ ពិសេសកងទ័ពដែលកំពុងឈរជើង នៅតាមព្រំដែន ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលនឹងបន្តសហការ និងពង្រឹងដៃគូទីផ្សារជាមួយសហគមន៍អន្តរជាតិ ឲ្យបានកាន់តែធំទូលាយ ដើម្បីជំរុញការនាំចេញនូវ ផលិតផលកសិកម្មពីកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត។
តាមរយៈ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ធាតុអាកាសប្រែប្រួលមិនប្រក្រតី នៅទីក្រុងភ្នំពេញថ្ងៃនេះ គឺត្រជាក់ខ្លាំងដោយមានខ្យល់ធ្លាក់ មកពីជើងទៀតផង។ នៅតាមបណ្តាខេត្តអាច នឹងត្រជាក់ខ្លាំងជាងទីក្រុង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ទន្លេ ភ្នំ និងសមុទ្រ។ សូមបងប្អូនហាត់ប្រាណ ថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសកងទ័ពនៅតាមព្រំដែន ត្រូវថែរក្សាសុខភាពឲ្យបានល្អគ្រប់ៗគ្នា។
កម្ពុជាក្រោមម្លប់សន្តិភាព គឺបន្តដំណើរឆ្ពោះទៅរកភាពរីកចម្រើន។ យើងនឹងបន្តសហការ និងពង្រីកដៃគូទីផ្សារជាមួយសហគមន៍អន្តរជាតិ ឲ្យបានកាន់តែធំទូលាយ ដើម្បីជំរុញការនាំចេញនូវផលិតផលកសិកម្ម ពីប្រទេសយើងឲ្យបានកាន់តែច្រើនឡើង។
ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិរឹងមាំមកទល់សព្វថ្ងៃ គឺដោយសារការរួមចំណែកយ៉ាងសកម្ម ពីបងប្អូនជនរួមជាតិ វិនិយោគគិន និងអាជីវករមិនអាចខ្វះបានឡើយ។
សូមជូនពរជនរួមជាតិ ប្រកបរបរទទួលទានមានបាន ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕