(ភ្នំពេញ)៖ ក្រោយពីកិច្ចខិតខំប្រឹងប្រែងអត់ប្រយោជន៍របស់ក្រុមអ្នកនយោបាយបំផ្លាញជាតិ របស់ក្រុម កឹម សុខា និយមដឹកនាំដោយ យ៉ែម ប៊ុញ្ញាឫទ្ធិ និងកឹម មនោវិទ្យា ទាយាទអាយ៉ងនយោបាយ របស់ កឹម សុខា ត្រូវបានបរាជ័យយ៉ាងអាម៉ាសដោយសារគ្មានរដ្ឋាភិបាលនៃប្រទេសណាមួយធ្វើតាមការញុះញង់របស់ខ្លួន ក្រុម សម រង្ស៊ីនិយមបានឆ្លៀតឱកាសបង្កើតចលនា សង្គ្រោះជាតិមួយឡើង កាលពីចុងសបា្តហ៍នេះ។ ការបង្កើតចលនានេះត្រូវបានក្រុម កឹម សុខា និយមបដិសេធចោល និងបានឈានទៅដល់ការផ្ទុះសង្គ្រាមពាក្យសម្តីថែមទៀតផង ដោយក្រុម កឹម សុខា ទាមទារឱ្យក្រុម សម រង្ស៊ី ដកពាក្យថា សង្គ្រោះជាតិ ចេញពីចលនានយោបាយនេះ ព្រោះបើពុំនោះទេ នឹងធ្វើឱ្យ កឹម សុខា ទទួលរាល់កំហុសទាំងឡាយបន្ថែមទៀត ហើយវាសនា កឹម សុខា អាចនៅជាប់ក្នុងគុកអស់មួយជីវិត។
រឿងបែកបាក់ផ្ទៃក្នុងនៃក្រុមអ្នកនយោបាយអតីតបក្សប្រឆាំងទុកមួយឡែកសិន ប៉ុន្តែសំណួរដែលចោទសួរថា តើចលនាសង្គ្រោះជាតិនេះជាចលនាត្រឹមត្រូវតាមច្បាប់ ឬជាចលនានៃក្រុមឧទ្ទាម ក្រៅច្បាប់? ហេតុអ្វីបានជាចាំបាច់ ត្រូវបង្កើតចលនានេះឡើង បើក្រុមអតីតសមាជិកនៃខ្មោចបក្សសង្គ្រោះជាតិអះអាងថា បក្សនេះនៅតែមានជីវិត? គឺពិតជាខុសច្បាប់ ព្រោះអ្នកដែលបាន បង្កើតចលនានេះគឺមានទណ្ឌិត សម រង្ស៊ី ដែលគ្មានសិទ្ធិធ្វើនយោបាយហើយ អេង ឆៃអ៊ាង ជូឡុង សូមួរ៉ា ជាដើម គឺសុទ្ធជាអ្នកនយោបាយបាត់បង់សិទ្ធិធ្វើនយោបាយតាមអំណាច សាលដីកាបិទផ្លូវតវ៉ារបស់តុលាការកំពូលចេញថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ រំលាយគណបក្សសង្គ្រោះជាតិ។ កាលដែលក្រុម សម រង្ស៊ី និយមបង្កើតចលនាសង្គ្រោះជាតិឡើងគឺ៖
១៖ ក្រុម សម រង្ស៊ី និយមមិនអាចទុកចិត្តលើកូនស្រី កឹម សុខា បានឡើយ ព្រោះការធ្វើនយោបាយរបស់ កឹម មនោវិទ្យា នៅក្មេងខ្ចីនិងគ្មានខ្លឹមសារ។ កឹម មនោវិទ្យា ដើរអួត ក្អេងក្អាងឆ្កាដៃឆ្កាជើង និងធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់ទាំងអ្នកធ្លាប់គាំទ្រអតីតបក្សប្រឆាំង ខឹងសម្បារ ដកសេចក្តីទុកចិត្តព្រោះតែទង្វើក្បត់ជាតិរបស់ក្រុមកឹម សុខា ដើរបំផ្លាញជាតិ និងប្រជាជនកម្ពុជាដោយ អំពាវនាវឱ្យបរទេសដាក់សម្ពាធលើប្រទេសកម្ពុជាហើយអ្នក រងគ្រោះគឺប្រជាពលរដ្ឋខ្មែរ។ ចំណុចនេះធ្វើឱ្យក្រុម សម រង្ស៊ី និយមអស់ភាពអត់ធ្មត់ និងបានចេញមកធ្វើសកម្មភាពដើម្បីសង្គ្រោះជីវិត នយោបាយរបស់ខ្លួនវិញ។ សម រង្ស៊ី ពិត ជាក្អួតឈាមព្រោះអ្វីដែលខ្លួនបានលាលែងពីតំណែងបក្សកាលពីខែកុម្ភៈ ឆ្នាំ ២០១៧ ដើម្បីជួយសង្គ្រោះបក្សកុំឱ្យរលាយ ទីបំផុតគ្មានប្រយោជន៍អ្វីទាំងអស់ ព្រោះបក្សសង្គ្រោះជាតិនៅតែត្រូវបានរំលាយ ដោយការប្រព្រឹត្តរំលោភច្បាប់ស្តីពីគណបក្សនយោបាយ។
មិនត្រឹមតែត្រូវបានរំលាយ មន្ត្រីបក្សខ្លួនមួយចំនួនត្រូវហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំទៀត។ បើសិនជាបណ្តោយឱ្យជីវិតនយោបាយខ្លួនពឹងលើក្មេងស្រីម្នាក់ ដែលពោរពេញដោយ អំនួតនិងខ្វះបទពិសោធនោះមិនអាចទៅរួចឡើយ។ ដូច្នេះទោះបីជាដឹងថា វាខុសច្បាប់ ប៉ុន្តែក្រុម សម រង្ស៊ី ត្រូវប្រឹងត្រដរស្រែកបន្លំបោកប្រាស់ប្រជារាស្ត្រ ខ្មែរ និងធ្វើយ៉ាងណាកុំឱ្យមុខនិងឈ្មោះ របស់ខ្លួនត្រូវបានបំភ្លេចទៅតាមវេលា។
ទី២៖ ការបង្កើតចលនាសង្គ្រោះជាតិខុសច្បាប់នេះគឺជាយន្តការក្រៅបក្ស ហើយ ក្រុម សម រង្ស៊ីនិយមក៏បានទទួលស្គាល់ថា បក្សសង្គ្រោះជាតិត្រូវបានរំលាយហើយ គ្មានទៀតទេ វត្តមានបក្ស នេះក្នុងប្រទេសកម្ពុជា។ ដូច្នេះការបង្កើតចលនានេះគឺជាសញ្ញាមួយ បង្ហាញច្បាស់ណាស់ថា យន្តការបក្សដែល កឹម មនោវិទ្យា និងគូកនក្រុម កឹម សុខានិយម កំពុងប្រើប្រាស់ ហើយដើរអួតក្តែងៗតាមប្រព័ន្ធផ្សព្វផ្សាយថា អន្តរជាតិនៅតែទទួលស្គាល់បក្សសង្គ្រោះជាតិ គឺត្រូវរលាយដូចអំបិលត្រូវទឹក។ កិច្ចខិតខំប្រឹងប្រែងទាំងអស់ត្រូវបានទទួលបរាជ័យផ្ទួនៗ។
បរាជ័យទី១៖ គឺសហគមន៍អន្តរជាតិ ជាពិសេសប្រទេសដែល ពួកគេបានដើរញុះញង់ មិនបានជឿលើអ្វីដែលពួកគេបានលើកឡើងឡើយ ព្រោះអ្នកដែលខ្លួនបានជួប និងញុះញង់ឱ្យបំផ្លាញផលប្រយោជន៍ខ្មែរ គឺជាក្រុមមនុស្សមួយក្តាប់តូចដែលមើលទៅដូចជា ខិតខំជួយខ្មែរតែតាមពិតដើម្បីផលប្រយោជន៍ខ្លួន និងបក្សពួករបស់គេតែប៉ុណ្ណោះ។
បរាជ័យទី២៖ គឺ ពេលដែលចលនាសង្គ្រោះជាតិ នេះកើតឡើងគឺធ្វើ ឱ្យកិច្ចខិតខំប្រឹងប្រែងប្រស់ខ្មោចបក្សសង្គ្រោះជាតិឡើងវិញនាពេលកន្លងទៅនិងអះអាង ប្រាប់ប្រជាជនខ្មែរថាបក្សនេះនឹងរស់ឡើងវិញចូលបោះឆ្នោតឆ្នាំ ២០១៨ នោះគឺក្លាយជា សូន្យឈឹង។ ប៉ុន្តែតាមពិតទាំងពីរក្រុមនាំគ្នាដណ្តើមសាកសពគ្នាដោយយក កឹម សុខា និងខ្មោចបក្សសង្គ្រោះជាតិធ្វើជាថ្នូររៀងខ្លួន។
ទី៣៖ ការបង្កើតយន្តការក្រៅបក្សដោយមិនប្រើប្រាស់យន្តការបក្សបន្តទៀត មិនមែនមានន័យថា បន្ថែមសកម្មភាពក្នុងយុទ្ធនាការបក្សនោះទេ គឺមានន័យរួចជាស្រេច ទៅហើយថា កិច្ចខំប្រឹងប្រែង របស់ កឹម មនោវិទ្យា និងក្រុមកឹម សុខា និយមដែលដើរ ឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតបរាជ័យយ៉ាងពិតប្រាកដក្នុងការចង់ឱ្យអន្តរជាតិ ជួយគាស់សពបក្សសង្គ្រោះជាតិចេញពីផ្នូរ និងជួយ កឹម សុខា ឱ្យចេញពីគុក មិនទទួលបានលទ្ធផលល្អឡើយ ទើបនាំគ្នារកផ្លូវផ្សេង។ ពួកគេក៏បានមើលឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលនៃប្រទេសនីមួយៗបានគិតគូរពីផលប្រយោជន៍ជាតិ របស់គេខ្ពស់ និងធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើការងារជាមួយក្រុមអ្នកនយោបាយប្រឆាំង អត់បក្សនិងជាឧទ្ទាមទីក្រុងនោះឡើយ។
ការបង្កើតចលនានេះគឺជាការព្យាយាមនាទីចុង ក្រោយដើម្បីស្តារស្ថានការណ៍ឡើងវិញ ប៉ុន្តែគួរឱ្យសោកស្តាយ អ្វីៗបានហួសពេលទៅ ហើយ និងមានតែក្តីសង្ឃឹមតែម្យ៉ាងប៉ុណ្ណោះ រង់ចាំថ្ងៃអវសាន មកដល់ព្រោះពួកគេមិន អាចធ្វើអ្វីក្រៅពីការអំពាវនាវឱ្យបរទេសមិនផ្តល់ជំនួយដល់កម្ពុជាកុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ តែអ្វីៗហាក់ដូចជាគ្មានប្រសិទ្ធភាព ព្រោះបណ្តា ប្រទេសទាំង នោះនៅតែបន្តទំនាក់ទំនងការទូត ពាណិជ្ជកម្មផ្សេងៗជាមួយកម្ពុជាជាប្រក្រតីនិងបាន គាំទ្រនូវចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការការពារស្ថេរភាពនយោបាយ និង
សន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាទាំងមូល។
ទី៤៖ ការបង្កើតចលនាសង្គ្រោះជាតិមួយក្រៅបក្សដូច្នេះ គឺគ្មានអ្វីក្រៅពីការបោះជំហានទៅមុខរបស់ក្រុម សម រង្ស៊ី និយមដើម្បីបង្កើតតំណែងជាថ្មីឱ្យ សម រង្ស៊ី និងខិតខំបំភ្លេច កឹម សុខា ហើយយក កឹម សុខា ធ្វើជាជំនួយនយោបាយ លើកទង់ឡើងវិញដើម្បីប្រមូលម្លាំង និងក្តាប់កម្លាំងនៅក្នុងដៃតែម្នាក់ឯង។ ហេតុដូច្នេះហើយបានជាការបង្កើតចលនានេះឡើងគឺក្រុម សម រង្ស៊ី បានយក កឹម សុខា និងអតីតបក្សសង្គ្រោះជាតិមកធ្វើជា នុយទាក់ទាញការចាប់អារម្មណ៍។ ទាំងក្រុម កឹម សុខា និងក្រុម សម រង្ស៊ី គ្មានគោលនយោបាយអ្វីជាក់លាក់មកទាក់ទាញការគាំទ្រប្រជាជនក្រៅពីយក ការបោកប្រាស់និងធ្វើសោកនាដកម្មនៃបញ្ហាមកទាញការចាប់អារម្មណ៍ឡើយ។ ដោយសារតែដូច្នេះហើយបានជាក្រឡាដើរមួយៗរបស់ក្រុមអ្នកនយោបាយប្រឆាំងតែងតែបរាជ័យជានិច្ច។
ជារួមការចង់បានតំណែង និងក្តោបក្តាប់កម្លាំង គឺជាគោលបំណងពិតរបស់ សម រង្ស៊ី ដោយយក កឹម សុខា ធ្វើជាទំនិញជួញដូរនយោបាយ។ ដូច្នេះ ការបែកបាក់ផ្ទៃក្នុង គឺចៀសមិនរួចឡើយ! ជាយុទ្ធសាស្រ្ត ឱកាសនយោបាយរបស់ សម រង្ស៊ី ត្រូវបានចៅចាក់ ស្មុកមើលឃើញថា ល្អ តែព្រហ្មលិខិតមិនអនុគ្រោះចំពោះជីវិតនយោបាយរបស់ សម រង្ស៊ី ឡើយដោយសារតែ សម រង្ស៊ី ជាអ្នកនយោបាយមាន់សម្ល និងរួតរឹតដោយបណ្តឹង ជាង១០នៅចំពោះមុខតុលាការនៅកម្ពុជាដោយសារទង្វើមិនទទួលខុសត្រូវរបស់ខ្លួន៕
ដោយ ចៅ ចាក់ស្មុក
អង្គរវត្ត ខេត្តសៀមរាប
ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៨