Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តម្នាក់របស់ជប៉ុន កោតសរសើរស្មារតីការងាររបស់កម្មសិក្សាការីខ្មែរ ខណៈអនុស្សរណៈបញ្ជូន-ទទួលបន្ថែមត្រូវបានព្រមព្រៀង

15-01-2018 20:16

(ភ្នំពេញ)​៖ អភិបាលខេត្តអិហ៊ិម៉ិ នៃប្រទេសជប៉ុន លោក ណាកាមូរ៉ា តូគិហ៊ីរ៉ូ បានកោតសរសើរចំពោះស្មារតីការងាររបស់កម្មសិក្សាការីខ្មែរដែលមានការខិតខំប្រឹងតស៊ូ និងរួសរាយ ជាហេតុធ្វើឲ្យម្ចាស់ និងនិយោជកសហគ្រាស គ្រឹះស្ថានការងារជប៉ុន ត្រូវការកម្មសិក្សាការីខ្មែរទៅធ្វើការនៅប្រទេសរបស់ខ្លួន។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ ស្ដីពីការបញ្ជូនកម្មសិក្សាការីបច្ចេកទេសកម្ពុជា ទៅធ្វើកម្មសិក្សា និងធ្វើការងារនៅខេត្តអិហ៊ិម៉ិ ប្រទេសជប៉ុន ធ្វើឡើងរវាងលោក សេង សក្តា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ ជាមួយលោក មីណូរ៉ូ ណូដា ប្រធានសមាគមសហជីពកម្មសិក្សាការីបរទេសខេត្តអិហ៊ិម៉ិ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។

លោក ណាកាម៉ូរ៉ាតូគិហ៊ី បានថ្លែងយ៉ាងដូច្នេះថា « ពេលខ្ញុំមកដល់កម្ពុជា ខ្ញុំមើលតាមរបាយការណ៏អាយុជាមធ្យមរបស់យុវជនខ្មែរគឺ២៤ឆ្នាំ​ គឺពេញកំលាំង ហើយជាធនធានដ៏ល្អ ជាពលករដ៏ល្អសម្រាប់បំរើការងារនៅជប៉ុន ហើយពេលខ្ញុំមកដល់ផ្ទាល់ខ្ញុំចាប់អារម្មណ៏ថាជនជាតិខ្មែរ គឺខិតខំប្រឹងតស៊ូរ និងរួសរាយ ហើយស្រលាញ់ប្រទេសជប៉ុន អាចនឹងស្និទ្ធស្នាលទៅមុខ បម្រើរការនៅប្រទេសជប៉ុនបាន»។

លោកអភិបាលខេត្តបានបន្តថា សម្រាប់ខេត្តអិហ៊ិម៉ិរបស់លោក ត្រូវការកម្មសិក្សាការីកម្ពុជាប្រមាណ ១ពាន់នាក់ ក្នុងឆ្នាំ២០១៨នេះ ព្រោះក្នុងចំណោមកម្មសិក្សាការីកម្ពុជា ៦,៧១៧នាក់ ដែលទៅធ្វើការនៅប្រទេសជប៉ុននោះ មានតែ២%ប៉ុណ្ណោះ ដែលធ្វើការនៅខេត្តអិហ៊ិម៉ិនេះ។

លោក ណាកាមូរ៉ា ក៏បានកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា ដែលបន្តរក្សាបានកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ ខណៈសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍកំពុងមានពេញផ្ទៃប្រទេស មានសន្តិសុខ និងសុវត្ថិភាពគ្រប់ពេល នេះជាការមើលឃើញផ្ទាល់ភ្នែករបស់អភិបាលខេត្តរូបនេះ ដែលនេះជាហេតុអនុគ្រោះដល់ការអភិវឌ្ឍធនធានមនុស្ស សម្រាប់បម្រើការងារទាំងក្នុង និងក្រៅប្រទេស ទើបធ្វើឲ្យម្ចាស់ និងនិយោជកសហគ្រា គ្រឹះស្ថានការងារនៅជប៉ុន មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្តានុពលនេះ។

លោកបានប្ដេជ្ញាចិត្តថា នឹងពាំនាំរូបភាពទាំងនោះទៅបង្ហាញដល់រដ្ឋាភិបាល និងនិយោជកក្រុមហ៊ុននានានៅប្រទេសជប៉ុន ពិសេសនៅខេត្តអិហ៊ិម៉ិរបស់លោក ដើម្បីជំរុញការទទួលយកកម្មសិក្សាការីកម្ពុជា ឲ្យទៅធ្វើកម្មសិក្សា និងបម្រើការងារនៅទីនោះបន្ថែមទៀត។

សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលករ និងកម្មសិក្សាការីទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសចំនួន៦ មានប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងនៅតំបន់រដ្ឋបាលពិសេសហុងកុង ដែលមានពលករ និងកម្មសិក្សាការីសរុបប្រមាណ ១,២០០,០០០នាក់ ក្នុងនោះកម្មសិក្សាការីនៅជប៉ុនមានចំនួន៦,៧១៧នាក់ ដោយក្នុងមួយឆ្នាំៗ ពួកគេបានផ្ញើថវិកាជាង២ពាន់លានដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិផងដែរ ៕