(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ១៨០នាក់ មកពីអង្គភាពវរសេនាតូចការពារព្រំដែនគោក និងតាមការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានធ្វើការហ្វឹកហាត់ និងបាញ់គ្រាប់ពិត ក្នុងយុទ្ធវិធី និងយុទ្ធសាស្រ្ត នៃការប្រើប្រាស់អាវុធឱ្យបានស្ទាត់ជំនាញ ដើម្បីចូលរួមការពារ ថែរក្សា សន្តិសុខជាតិ។
ការហ្វឹកហាត់ និងបាញ់គ្រាប់ពិតបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចទី លានភ្នំកងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អនុវត្តតាមទិសដៅ និងផែនការរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន។
គ្រូបង្គោលលោកអនុសេនីយ៍ទោ ផាត់ ផា នាយរងការិយាល័យបណ្តុះបណ្តាល និងវិក្រត្យការ នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ឱ្យដឹងថា សិក្ខាកាមកម្លាំងនគរបាលខេត្ត បានហ្វឹកហាត់ដើម្បីធានាឱ្យមានគុណភាព នៃការប្រើប្រាស់អាវុធ។ ការហ្វឹកហាត់មានរយៈពេល៣ខែ ដោយបង្ហាត់បង្រៀនឱ្យសិក្ខាកាមចេះប្រើប្រាស់ អនុវត្តជាក់ស្តែង នូវអាវុធវែង និងអាវុធខ្លីដោយរៀនសូត្រមេរៀនប្រើប្រាស់ អាវុធបាញ់៣កាយវិកា គឺបាញ់ជំហរឈរ, ជំហរលត់ជង្គង់ និងបាញ់ជំហរក្រាប។
លោកបញ្ជាក់ឱ្យដឹងទៀតថា ក្នុងមួយកាយវិកាត្រូវបាញ់១គ្រាប់ ដោយ៣កាយវិកា បាញ់៣គ្រាប់ កាំភ្លើងវែងបាញ់ជម្ងាយ១០០ម៉ែត្រ និង៧០ម៉ែត្រ ចំណែកកាំភ្លើងខ្លីបាញ់ចម្ងាយ ៣០ម៉ែត្រ និង២៥ម៉ែត្រ។ ក្នុងការអនុវត្តជាក់ស្តែង បាញ់គ្រាប់ពិតរបស់សិក្ខាមទាំង១៨០នាក់ គឺសិក្ខាកាម បានបាញ់ចំគោលដៅទទួលបាននិទ្ទេសល្អ ៨០ភាគរយ, ទទួលបាននិទ្ទេសបង្គួរ ១០ភាគ រយ, និងទទួលបាននិទ្ទេសមធ្យម១០ភាគរយ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានរំលឹកទៅកាន់ក្រុមសិក្ខាកាម ជាកងកម្លាំងនគរបាលក្រោមបង្គាប់ថា ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ត្រូវតែមានឆន្ទៈស្មោះត្រង់ ជាមួយរាជរដ្ឋាភិបាល ហើយប្រឆាំងដាច់ខាតចំពោះក្រុមអគតិចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់តាមរយៈការធ្វើបដិវត្តន៍ពណ៍។
លោកឧត្តមសេនីយ៍ស្នងការក៏បានកោតសសើរដល់កម្លាំងនគរបាលជាសិក្ខាកាមដែលបានយកចិត្តទុកដាក់ហ្វឹកហាត់រៀនសូត្រអនុវត្តខ្ជាប់ខ្ជួននូវវិន័យកងកម្លាំងនគរបាលជាតិបានល្អដែលធ្វើវគ្គសិក្សានេះទទួលលទ្ធជោគជ័យ៕