(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃចន្ទទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានរៀបចំវេទិកាសាធារណៈ ស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ឬច្បាប់ថវិកាឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជនប្រមាណជិត៣០០នាក់។
ដូចរាល់ឆ្នាំកន្លងមកដែរ វេទិកាសាធារណៈនេះ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បី ផ្សព្វផ្សាយប្រកបដោយតម្លាភាពអំពីការធ្វើផែនការរៀបចំ និងបែងចែកថវិកាជាតិ ជូនទៅដល់មតិសាធារណជន ជាព័ត៌មាន និងជាមូលដ្ឋានសម្រាប់ធ្វើការតាមដាន អំពីការអនុវត្តថវិកា ដែលត្រូវបានបែងចែក និងអនុវត្តសមស្របត្រឹមត្រូវផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាកិច្ចចាប់ផ្តើមលោករដ្ឋលេខាធិការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ឆ្នាំ២០១៨នេះ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយហេតុថា ច្បាប់ថវិកាត្រូវបានរៀបចំក្រោមទិដ្ឋភាព ២ធំៗ៖ ទី១- ឆ្នាំនេះជាឆ្នាំចុងក្រោយ ដែលត្រូវធ្វើការបូកសរុបសមិទ្ធិផល របស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ និងទី២-ជាឆ្នាំដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភាផង និងបោះឆ្នោតសកលផង។
ជាកិច្ចបន្តលោក វង្សី វិស្សុត បានធ្វើបទអន្តរាគមន៍ បូកសរុបលទ្ធផលការងាររួម របស់រាជរដ្ឋាភិបាល ដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមក ពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងថិវកាជាតិដូចតទៅ៖
ទី១-ក្នុងទិដ្ឋភាពម៉ាក្រូសេដ្ឋកិច្ច រដ្ឋាភិបាលសម្រេចបានតាមការគ្រោងទុក នូវកំណើនសេដ្ឋកិច្ចពិតប្រចាំឆ្នាំ ក្នុងកម្រិតរង្វង់៧% ចាប់តាំងពីឆ្នាំ២០១៣មក។ ក្នុងក្របខណ្ឌកំណើននេះ នៅឆ្នាំ២០១៣ យើងបានបង្កើតទស្សនាទាន ផ្សារភ្ជាប់ផលផ្លែផ្កានៃកំណើននេះទៅនឹង ជីវភាពរបស់ប្រជាពលរដ្ឋ ដោយបែងចែកទុនសេដ្ឋកិច្ចជាតិទៅឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ តាមរយៈយន្តការខាងក្រោម៖
(ក) កំណើនរយៈពេល៥ឆ្នាំចុងក្រោយនេះ បានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាក់ស្តែង ផ្អែកតាមតួលេខរបស់ធានាគារពិភពលោក ភាពអត់ការងារនៅប្រទេសកម្ពុជាស្ថិតក្នុងអត្រា ០.៣% ប៉ុណ្ណោះត្រឹមឆ្នាំ២០១៧ ដែលជាអាត្រាមួយទាបបំផុត។
(ខ) ទន្ទឹមនឹងកំណើនការងារនេះ រាជរដ្ឋាភិបាល ក៏បានខិតខំប្រឹងប្រែងឱ្យប្រាក់ចំណូលរបស់ប្រជាជន មានការកើនឡើងដែរ។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ក្នុងក្របខណ្ឌមន្ត្រីរាជការ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ប្រាក់បៀវត្សទាបបំផុតបានកើនឡើង ប្រមាណជិត៣ដង រីឯកម្មករ បានកើនជាង២ដង (ពី៨០ដុល្លារ នៅឆ្នាំ២០១៣ ទៅដល់ ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨) ខណៈដែលកំណើន ផសស (គិតជាថ្លៃបច្ចុប្បន្ន) មានជាង៦០% ពោលគឺប្រាក់ចំណូល កើនលើសកំណើនសេដ្ឋកិច្ចទៅទៀត។
(គ) បន្ថែមលើការកើនឡើងនៃចំណូល បន្ទុកចំណាយរបស់ពួកគាត់ ក៏ត្រូវបានកាត់គួរឱ្យកត់សម្គាល់ផងដែរ ដោយមួយផ្នែកតាមរយៈការរក្សាបានស្ថេរភាពនៃអត្រាអតិផរណា ដែលស្ថិតក្នុងកម្រិត៣% មួយផ្នែកទៀតបានពី ការកាត់បន្ថយ និងលុបបំបាត់ ពន្ធ និងថ្លៃសេវាសាធារណៈផ្សេងៗ បូកផ្សំនឹងការពង្រីកបន្ថែមសេវាសាធារណៈ និងការផ្តល់អត្ថប្រយោជន៍សង្គមផ្សេងៗដែលបានអនុវត្តជាបន្តបន្ទាប់មកនេះ។
ទី២-ស្របពេលដែលរាជរដ្ឋាភិបាល បានធ្វើសម្បទានជាបន្តបន្ទាប់កន្លងមកនេះ លទ្ធផលប្រមូលចំណូលនៅតែមានភាពរឹងម៉ាំ ហើយជាងនេះទៅទៀត ចំណូលមានការកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលជាសមិទ្ធិផលមួយ ទទួលស្គាល់ដោយស្ថាប័នអន្តរជាតិនានាថា ជាសមិទ្ធិកម្មដ៏ល្អមួយក្នុងប្រវត្តិសាស្ត្រ នៃការប្រមូលចំណូល បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់។
ជាក់ស្តែងនៅឆ្នាំ២០១៣ ចំណូលចរន្តថវិកាជាតិ មានត្រឹមប្រមាណ ១៤,៨៦ នៃផសស ប៉ុន្តែមកដល់ឆ្នាំ២០១៨ បានឡើងមកដល់ ១៨,៥៧ នៃផសស ពោលគឺកើនឡើងប្រមាណ ៤ ពិន្ទុភាគរយ នៃផសស ឬកើនជាង ២ដង។
ទី៣-ទន្ទឹមនឹងកំណើនចំណូលខ្ពស់ ការអនុវត្តថវិកាផ្នែកចំណាយ ក៏កាន់តែមានប្រសិទ្ធភាពទាំងកម្រិតវិភាជន៍ និងកម្រិតប្រតិបត្តិការ៖
(ក) ថវិកាចំណាយកើនប្រមាណ១,៨ដង ដែលមានល្បឿនយឺតជាងចំណូល ពោលគឺធ្វើឱ្យមានអតិរេកថវិកា ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចទាញយកមកបង្កើនសំចៃរបស់រដ្ឋកាន់តែច្រើន សម្រាប់ទុកប្រើប្រាស់តាមតម្រូវការចាំបាច់ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
(ខ) ម៉្យាងទៀតក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ការវិភាជន៍ថវិកា ត្រូវបានគិតគូរលើវិស័យអាទិភាពសំខាន់ៗ ដែលមានដូចជាថវិកាក្រសួងអប់រំ យុវជន និងកីឡា បានកើនឡើងជាង ៣ដង ក្រសួងសុខាភិបាល កើនជាង ២ដង និងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កើន ៣ដង ខណៈដែលចំណាយវិនិយោគសាធារណៈ ក៏ត្រូវបង្កើនជាង ២ដង ផងដែរ។
លោករដ្ឋលេខាធិការ បានធ្វើការសន្និដ្ឋានជារួមថា សមិទ្ធិផលដែលសម្រេចបាន និងបន្តអនុវត្តទាំងនេះ បានឆ្លុះបញ្ចាំងពីកិច្ចខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ការប្តេជ្ញាចិត្ត និងភាពម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវគោលដៅគោលនយោបាយ ផ្សារភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយជីវភាពរបស់ប្រជាពលរដ្ឋ ដែលបានដាក់ចេញកាលពីដើមអាណត្តិទី៥ តាមរយៈការបែងចែកផលផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ដែលប្រកបដោយគុណភាព ឱ្យមកដល់ដៃប្រជាជនទូទៅ ជាពិសេសក្រុមដែលមានចំណូលទាប។
ជាកិច្ចការបន្តទៅមុខទៀត ក្នុងក្របខណ្ឌ កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ យើងក៏កំពុងឈានទៅរកដំណាក់ទី៣ ដែលផ្តោតលើការផ្សារភ្ជាប់ថវិកា ជាមួយនឹងធាតុចេញ និងការផ្ទេរអំណាចពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅក្រសួងស្ថាប័ន និងពីថ្នាក់ដឹកកំពូលនៃក្រសួងស្ថាប័ន មកដល់អង្គភាពថវិកា ដែលជាអ្នកអនុវត្តផ្ទាល់។
បន្ទាប់ពីបានស្តាប់ បទអន្តរាគមន៍របស់លោករដ្ឋលេខាធិការ និងកិច្ចធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានថវិកា ស្តីពីច្បាប់ថវិកា២០១៨ រួចមក អង្គវេទិកាទាំងមូលបានចូលរួមកិច្ចពិភាក្សាឆ្លើយឆ្លង អស់រយៈពេលប្រមាណ ២ម៉ោង ស្តីពីអំការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងថិវកាជាតិ យ៉ាងផុសផុល។
គួរបញ្ជាក់ថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ត្រូវបានរដ្ឋសភាផ្តល់ការអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៥ និងត្រូវបានព្រឹទ្ធសភាផ្តល់ការអនុម័តនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ ហើយត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០១៧៕