(កំពង់ធំ)៖ កម្លាំងនគរបាលខេត្តកំពង់ធំ ក្រោមការបញ្ជាពីលោក សុខ លូ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំមួយកន្លែង ស្ថិតនៅមូលដ្ឋានស្រុកសន្ទុក ដោយដកហូតម៉ូតូចំនួន៦៥គ្រឿង និងមាន់ជល់ចំនួន១១ក្បាល ខណៈអ្នកញៀនល្បែងមួយនេះ ទាំងហ្វូងបានរត់បាតជើងសព្រាត និងខ្លះចោលស្បែកជើងទៀតផង ពោលឃាត់ខ្លួនបានតែ៣នាក់ប៉ុណ្ណោះ ដែលរត់មិនទាន់។
ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាននៃល្បែងស៊ីសងខាងលើនេះ មកលោកបានបញ្ជាឲ្យកងកម្លាំងជំនាញផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក ចុះកិច្ចប្រតិបត្តិការបង្រ្កាប នៅរសៀលម្សិលមិញ ស្ថិតនៅចំណុចភ្នំក្រហម ភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមលោកស្នងការ ក្រៅពីការដកហូតម៉ូតូ និងមាន់ជល់នោះកម្លាំងនគរបាលរបស់លោក បានដកហូតនូវវត្ថុតាងមួយចំនួនទៀតរួមមាន៖ ស៊ុមគ្រប(ដែក)៨, កន្រ្តកច្រកមាន់២៧, ជញ្ជីងថ្លឹងមាន់០២, ចានអាប៉ោង១, ចានទម្រ១, ផ្តិលគ្រប១ និងបានឃាត់ខ្លួនមនុស្ស៣នាក់ស្រី០១ផងដែរ៕