(បន្ទាយមានជ័យ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានចាត់តាំងលោកស្រី ម៉ាន ណាវី ជាជំនួយការ និងសហការីសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការប្រគល់ និងដាក់ឲ្យប្រើប្រាស់អណ្តូងចំនួន១១ នៅទូទាំងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពិធីនេះធ្វើឡើងបន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល និងតែងតាំងសមាសភាព សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
លោកស្រី ម៉ាន ណាវី បានបញ្ជាក់ថា អណ្តូងទឹកស្អាតទាំង១១ គឺជាប្រភេទអណ្តូងខ្នាតធំ អាចប្រើប្រាស់ផ្គត់ផ្គង់ ទឹកគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ ក្នុងភូមិសម្រាប់អណ្តូងនិមួយៗ ហើយវាជា អំណោយសប្បុរសជន ប្រទេសបារាំង តាមរយៈអង្គការ LIFE សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងសម្ព័ន្ធយុវជនមុស្លិមកម្ពុជា។
លោកស្រី បញ្ជាក់ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ និងអាជ្ញាធរ ភូមិ-ឃុំ សូមជួយគ្នាថែរក្សាសម្បត្តិរួមមួយនេះ ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងផ្តល់ទំនុកចិត្ត ដល់សប្បុរស ជនផងដែរ មិនតែប៉ុណ្ណោះ អណ្តូងទាំងនេះ វាជាប្រភពផ្គត់ផ្គង់ទឹក យ៉ាងសំខាន់សម្រាប់តម្រូវការប្រជាពលរដ្ឋសហគមន៍។
លោកស្រី បន្តថា ក្នុងដំណាក់កាលដំបូង ដើម្បីចូលរួមដោះស្រាយបញ្ហា កង្វះខាតទឹកប្រើប្រាស់ដល់បណ្តាភូមិនានា យើងខ្ញុំនឹងព្យាយាមឲ្យគ្រប់ភូមិនានា ក្នុងស្រុកម៉ាឡៃ ដែលជាតំបន់ ព្រុំដែនកម្ពុជា-ថៃ ឲ្យបានប្រើប្រាស់ប្រភេទអណ្តូងទឹកស្អាតបែបនេះ ឲ្យបានយ៉ាងតិចមួយភូមិ១ ដើម្បីដោះស្រាយបញ្ហាកង្វះទឹក ហើយជំនួសពីការប្រើប្រាស់ទឹកអូរ មកប្រើប្រាស់ ទឹកស្អាតវិញ។
លោកស្រី ក៏បានថ្លែងថា សាមិទ្ឋផលទាំងនេះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ តែវាជាការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរពីទុក្ខធុរៈរបស់បងប្អូន មិនថាជិត រឺឆ្ងាយដាច់ស្រយាលយ៉ាង លោកនៅតែពុះពាររកដំណោះស្រាយ គៀងគរថវិកា ទាំងក្នុងនិងក្រៅស្រុក ចូលរួមដោះទុក្ខលំបាកនានា បានទាន់ពេលវេលា។
លោកស្រីថា យ៉ាងណាមិញ ទោះបីខេត្តបន្ទាយមានជ័យត្បិត នៅឆ្ងាយដាច់ស្រយាលពីរាជធានី ប៉ុន្តែខេត្តនេះ ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ឃើញមាន សាមិទ្ឋផលនានាជាច្រើន ជាក់ស្តែងក្រៅពីអណ្តូងទឹកស្អាត យើងទទួលស្គាល់ហេដ្ឋារចនាសម្ព័ន្ឋនានា ជាពិសេសផ្លូវថ្នល់ខ្វាត់ខ្វែង ព័ទ្ឋជុំវិញខេត្ត បានបង្កលក្ខណៈងាយស្រួលច្រើនដល់ ប្រជាពលរដ្ឋកសិករ និងឈ្មួញក្នុងស្រុក ក្នុងការដឹកជញ្ជូន ផលិតផលកសិកម្មផ្គង់ទៅកាន់ទីផ្សារ ទាំងក្នុងនិងទៅកាន់ប្រទេសថៃផងដែរ ហើយបន្ទាយមានជ័យជាខេត្ត ដែលមានច្រក សេដ្ឋកិច្ច យ៉ាងធំផងដែរ ដើម្បីនាំចេញនាំចូលផលិតផលខ្មែរ-ថៃ បានយ៉ាងងាយជាទីបំផុត។
បន្ទាប់ពីបានថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយ លោកស្រីបានថ្លែងអំណរគុណ ដល់អាជ្ញាធរភូមិ-ឃុំ ដែលបានចូលរួមយកចិត្តទុកដាក់ សហការក្នុងការផ្តល់ព័ត៌មាន ពីតម្រូវការក្នុង មូលដ្ឋានរបស់ខ្លួន ជាពិសេស លោកស្រី បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ ប្អូនៗយុវជនស្ម័គ្រចិត្ត របស់សម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបានចូលរួម យ៉ាងសកម្ម ក្នុងបុព្វហេតុសហគមន៍របស់ខ្លួន៕