(កណ្តាល)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសម្ព័ន្ធគ្រួពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី ព្រមទាំងអាជ្ញាធរស្រុកអង្គស្នួល ខេត្តកណ្តាល បានសហការរៀបចំកម្មវិធីពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃជូនប្រជាពលរដ្ធ និងកម្មករនិយោជិត បានចំនួន៥០០៩នាក់ នៅក្នុងបរវេណវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
កម្មវិធីនេះបានអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក គីម រិទ្ឋី អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា លោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងលោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល។ នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមជួយសម្របសម្រួលពីសមាជិកក្រុមប្រឹក្សាភិបាល-មន្រ្តីសហព័ន្ឋជាសមាជិក សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក្រុមយុវជន សសយក ក្រុមយុវជនកាយរិទ្ធ និងយុវជនកាកបាតក្រហមស្រុកអង្គស្នួលផងដែរ។
លោក សោម អូន បានគូសបញ្ចាក់ថា យោងតាមអនុសារណៈយោគយល់ (MOU) សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា និងអាជ្ញាធរ ខណ្ឌ រៀបចំកម្មវិធីដ៏មានសារសំខាន់នេះ បានចំនួន៨លើករួចមកហើយរួម៖
១-លើកទី១ នៅខណ្ឌដង្កោ បានចំនួនជាង៥០០០នាក់
២-លើកទី២ នៅខណ្ឌពោធិ៍សែនជ័យបានចំនួនជាង៦០០០នាក់
៣-លើកទី៣ នៅខណ្ឌមានជ័យ បានចំនួនជិត៤០០០នាក់
៤-លើកទី៤ នៅខណ្ឌចំការមន បានចំនួនជាង៥០០០នាក់
៥-លើកទី៥ នៅខណ្ឌសែនសុខ បានចំនួនជាង៣០០០នាក់
៦-លើកទី៦ នៅខណ្ឌប្ញស្សីកែវបានចំនួនជាង៤០០០នាក់
៧-លើកទី៧ នៅខណ្ឌច្បារអំពៅ បានចំនួន២៧១៧នាក់
៨-លើកទី៨ នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានចំនួន៥០០៩នាក់។
លោក សោម អូន បានបញ្ជាក់ថា ការផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និង កម្មក។
លោក សោម អូន ក៏បានលើកឡើងផងដែរ អំពីសមិទ្ឋិផលថ្មីៗបន្ថែមទៀត ដែលបងប្អូនកម្មករទទួលបាននៅឆ្នាំថ្មីនេះមានដូចជា ប្រាក់ឈ្នួលអប្បបរមាបានតម្លើង១៧០ដុល្លាក្នុងមួយខែ ពេលឆ្លងទន្លេទទួលបានប្រាក់ឈ្នួល១២០ភាគរយ ឆ្លងទន្លេបានកូន១ទទួលបាន ៤០ម៉ឺនរៀល កូន២បាន ៨០ម៉ឺនរៀល និងកូន៣បាន១លាន២សែនរៀល ថៅកែបបង់ប្រាក់គាំពារសុខភាព១០០ភាគរយ ជំនួសកម្មករ ។ល។ លោក សោម អូន បានបញ្ជាក់ថា «អ្វីៗដែលបងប្អូនកម្មករទទួលបាន ចាប់តាំងពីប្រាក់ឈ្នួលអប្បរមា៤០ដុល្លារ រហូតដល់១៧០ដុល្លារ ហើយបូករួមជាមួយ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ»។
ក្នុងនាមកម្មករនិយោជិត និងប្រជាពលរដ្ឋ ដែលបានចូលរួមទទួលនូវសេវាព្យាបាល និងពិនិត្យដោយឥតគិតថ្លៃ លោក សោម អូន បានថ្លែងអំណគុណដ៏ជ្រាលចំពោះលោក ហ៊ុន ម៉ានី ប្រធានសសយក ដែលបានផ្តួចផ្តើមបង្កើតឡើងនូវ សម្ព័ន្ឋគ្រួពេទ្យ សសយក ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហាសុខភាពជូនដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ ដែលជួបប្រទះនូវកង្វះខាតថវិកា៕