(ត្បូងឃ្មុំ)៖ លោក ល៉ិក វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ក៏ដូចជាស្វែងរកផលិតផលម្សៅទឹកដោះគោម៉ាក Celia and Picot ដែលត្រូវបានហាមឃាត់លក់លើទីផ្សារ ស្ថិតក្នុងផ្សារជីមាន់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក ល៉ិក វុត្ថា បានឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពចំនីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ លោកផ្ទាល់ ពិសេសលោក មាស មោរ៉ា ប្រធានសាខាកាំកុង ត្រូលខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ពន្ធតែងតែ ចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណង ចំបង ចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះអាចឲ្យគាត់ យល់ដឹងដោយខ្លួនឯង នៅរបៀបជ្រើសរើសម្ហូបអាហារណា ដែលមានសុវត្ថិភាព យកមកទទួលទាន។

លោកប្រធានទីផ្សារសាខាកាំកុងត្រូលប្រចាំខេត្ត បានឲ្យដឹងថាទៀតថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើរួចមក គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារឡើយ ហើយជាពិសេសទៅទៀតនោះ ក្រុមការងារ បានតេស្ត ទៅលើបរិមាណអ៊ីយ៉ូដ នៅលើអំបិលអ៊ីយ៉ូត ដោយម៉ាស៊ីន ដែលអគ្គនាយកដ្ឋានកាំកុងត្រូលបានផ្តល់ឲ្យនោះ គឺមានផ្ទុកសារធាតុអ៊ីយ៉ូដ មានបរិមាណល្អ។ ជាមួយគ្នានោះ បានស្វែងរក ម្សៅទឹកដោះគោ ម៉ាក Celia and Picot ដែលក្រុមហ៊ុន នៅប្រទេសបារាំង បានប្រកាសប្រមូលយកមកវិញ តែពុំបានរកឃើញមានលក់នោះទេ។

ដោយឡែក មន្ត្រីកាំកុងត្រូល បានត្រួតពិនិត្យ រកឃើញ និងដកហូតទំនិញ ដែលខូចគុណភាព សំបកប៉ោងកំប៉ិត ច្រេះ និងហួសកាលបរិច្ឆេទប្រើប្រាស់បានមួយចំនួន ដើម្បីយកទៅកំទេចចោលផងដែរ។

ប្រជាពលរដ្ឋបានចូលរួមសង្កេតនូវការចុះត្រួតពិនិត្យ របស់មន្ត្រីកាំកុងត្រូលខេត្ត ដោយបង្ហាញនូវទឹកចិត្តរីករាយ ដែលអាជីវករលក់ដូរ នូវទំនិញ មិនមានផ្ទុកនូវសារធាតុគីមី ជាពិសេសនោះគឺគ្រប់ពេល ពួកគាត់តែងតែទទួលបាននូវការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋានបែបនេះ៕