(ព្រៃវែង-កំពង់ធំ)៖ បុរសវ័យចំណាស់ម្នាក់ និងក្មេងស្រីម្នាក់ទៀត បានស្លាប់យ៉ាងអាណោចអាធ័មបំផុត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកកិន បណ្តាលឲ្យសពជនរងគ្រោះទាំង២នាក់ បែកខ្ទេចមើលមិនចង់យល់។
បុរសវ័យចំណាស់ និងក្មេងស្រីរងគ្រោះទាំង២នេះ បានធ្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា ដោយម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តកំពង់ធំ និងម្នាក់ទៀតស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ខេត្តព្រៃវែង។
១៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ៖ បានកើតឡើងនៅវេលាម៉ោង០៣៖៣០នាទី (ជិតភ្លឺ) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១២៦-១២៧ ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សេង ឆាន អាយុ៤៥ឆ្នាំ ដែលជាមនុស្សបាត់បង់ស្មារតី ស្រវឹងស្រាជោគ ត្រូវរថយន្តបង្កមិនស្គាល់អត្តសញ្ញាណ (បើកគេចខ្លួនបាត់) បុកស្លាប់។
២៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅព្រៃវែង៖ បានកើតឡើងនៅលើផ្លូវគ្រោះក្រហម ភូមិល្អក់ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង នៅវេលាម៉ោង៤៖៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដដឹកដី ម៉ាកហ៊ីយុនដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-5684 បើកពីលិចទៅកើត បានបុកហើយកិនអូស បណ្ដាលឲ្យស្លាប់ភ្លាមៗ ដែលក្មេងស្រីរងគ្រោះមានឈ្មោះ លី យ៉ុងអ៊ា អាយុ៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ក្រោយបុកក្មេងស្រីរួច រថយន្ដបានបើកចេញពីកន្លែងកើតហេតុ ចម្ងាយប្រហែល១គីឡូវម៉ែត បានឈប់ហើយអ្នកបើកបរចុះរត់គេចខ្លួនបាត់ ដែលបន្សល់ទុករថយន្តចោល (មិនស្គាល់អត្តសញ្ញណ)៕