(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាង៤ពាន់នាក់ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២៦១នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ចំនួន៤,២១២នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។
ក្នុងនោះបានពិនិត្យព្យាលបាលជំងឺកុមារ២១៧នាក់, ជំងឺស្រ្តី២៣១នាក់, ជំងឺផ្លូវចិត្ត១០៣នាក់, ជំងឺឫសដូងបាត២១៧នាក់, ជំងឺសន្លាក់ឆ្អឹង១៩១នាក់, ជំងឺរលាកសួត៩២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៧៨នាក់, ជំងឺភ្នែក៨៥នាក់, ជំងឺសើរស្បែក៧៧នាក់, ជំងឺទឹកនោមផ្អែ១៣៧នាក់, ជំងឺមាត់ធ្មេញ៦៩នាក់, អេកូសាស្ត្រ១៧៦នាក់ និងជំងឺទូទៅ ៣,៣២៥នាក់ និងព្យាបាលរបួស។
ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយដ៏រីករាយ ចំពោះពលរដ្ឋរស់នៅភូមិមានជ័យ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងនោះពលរដ្ឋជាស្រ្តីម្នាក់ឈ្មោះ កយ កុង ស្ថិតនៅចំណោមពលរដ្ឋដទៃទៀត បានបង្ហាញអារម្មណ៍សប្បាយចិត្តមិនធ្លាប់មាន។
អ្នកស្រី កយ កុង មានជំងឺរលាកក្រពះ ហើយរាល់ថ្ងៃអាការៈនេះ បានធ្វើទុកនៅក្នុងពោះបានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បានចុះមកព្យាបាលជំងឺ ដល់គាត់ក៏ដូចជាអ្នកភូមិឯទៀត។
អ្នកស្រីបន្ថែមថា «ខ្ញុំចំណេញលុយដោយសារតែ ក្រុមគ្រូពេទ្យចុះមកព្យាបាលជំងឺដោយមិនលុយ ហើយក៏មិនចំណាយពេលចុះទៅឆ្ងាយ ដូចរាល់ដងដែលនាំឲ្យខាតពេលវេលា ប៉ះពាល់ការងារ»។
ចំណែកពលរដ្ឋម្នាក់ទៀតឈ្មោះ ហុង បូរ៉ា ជាជនពិការដែលមានជំងឺអាឡាក់ហ្ស៊ីច្រមុះថ្លែងថា «ខ្ញុំមានអារម្មណ៍សប្បាយ នៅពេលគេចុះមកពិនិត្យជំងឺ និងផ្ដល់ថ្នាំដោយមិនគិតលុយ វាធ្វើឲ្យខ្ញុំចំណេញថវិកា »។ ក្រៅពីបង្ហាញអារម្មណ៍សប្បាយចិត្ត ប្រជាពលរដ្ឋបានស្ន់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ឧស្សាហ៍ចុះមកពិនិត្យជំងឺពលរដ្ឋបន្តិច ដើម្បីកាត់បន្ថយការចំណាយ និងទទួលបានការព្យាបាលមួយដែលមានប្រសិទ្ធិភាព។
សូមបញ្ជាក់ថារយៈពេល៦១ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,២៧១នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣៥លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន២៦៤,៣៣៩នាក់។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបថា ដំណើរចុះទៅខេត្តកំពតរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ ធ្វើឡើងចំខួប៥ឆ្នាំ ឈានចូលឆ្នាំទី៦ នៃការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រក៏ល្អមួយនេះឡើង៕