(ភ្នំពេញ)៖ ឆ្នាំ២០១៨ ដែលជាឆ្នាំចុងក្រោយនៃការដឹកនាំរបស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជាអាណត្តិទី៥ និងជាឆ្នាំដែលត្រូវ បោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិថ្មីផងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រមុខបក្សកាន់អំណាច បានដាស់តឿនឲ្យរួមគ្នាប្រឹងប្រែងជំរុញសេដ្ឋកិច្ចជាតិ ពោលឆ្នាំ២០១៨នេះ ត្រូវតែជាឆ្នាំ ដែលមានសេដ្ឋកិច្ចរឹងមាំ និងលូតលាស់។ សម្តេចតេជោ ក៏បានកំណត់ផងដែរថា ឆ្នាំ២០១៨ ត្រូវតែជាឆ្នាំដែលធានា បានសន្តិសុខសណ្តាប់ធ្នាប់ផងដែរ។
ការថ្លែងជំរុញបែបនេះ បានធ្វើឡើងក្នុងពេលសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យ ប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភព ហៅថា «អគារតេជោសន្តិភាព» នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ អគារមន្ទីរពេទ្យដែលជាសមិទ្ធផលថ្មីក្នុងវិស័យសុខាភិបាល និងការគាំពារសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវបានចំណាយថវិកាសាងសង់ និងបំពាក់គ្រឿងបរិក្ខា ឧបករណ៍ព្យាបាលនានាសរុបជាង ២៣លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា ការបោះឆ្នោតឆ្នាំ២០១៨ ដែលរួមមានការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ក៏ត្រូវតែរៀបចំធ្វើឡើងទៅតាមការគ្រោងទុកផងដែរ។
«ឆ្នាំថ្មីនេះ ត្រូវខិតខំធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែរឹងមាំ ធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែលូតលាស់ ធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់សង្គមរបស់យើងកាន់តែត្រូវបានធានា ហើយការរៀបចំការបោះឆ្នោតទាំងព្រឹទ្ធសភានៅខែក្រោយ និងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ត្រូវធ្វើឲ្យបានល្អក្នុងសុខសន្តិភាព តម្លាភាព ប្រជាធិបតេយ្យ ដែលបណ្តាបក្សនយោបាយនឹងចូលរួមយ៉ាងច្រើន»។ នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំកម្ពុជាអស់រយៈពេល ៣៣ឆ្នាំមកហើយនោះ។
កម្ពុជាដែលធ្លាប់យាយីដោយភ្លើងសង្គ្រាមនោះ នាពេលបច្ចុប្បន្នកំពុងស្ថិតជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយនឹងឈានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រមទាំងក្លាយជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។ គេក៏បានមើលឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងតែស្ទុះឡើងជាមួយភាពរឹងមាំជាមួយការរក្សា បានកំណើនសេដ្ឋកិច្ចរង្វង់ ៧ភាគរយ ១០ឆ្នាំចងក្រោយនេះជាប់ៗគ្នា។
វិស័យដែលកំពុងជួយឲ្យសេដ្ឋកិច្ចមានស្ថេរភាព និងស្ទុះខ្លាំងនេះ រួមមានវិស័យឧស្សាហកម្មវេយណភណ្ឌកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង វិស័យសំណង់ និងវិស័យទេសចរណ៍ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា វិស័យធំៗចំនួន៣ ដែលចូលរួមជំរុញកំណើសេដ្ឋកិច្ចរបស់កម្ពុជា រួមមាន៖ វិស័យសេវាកម្ម ៤៥ភាគរយ វិស័យឧស្សាហកម្ម ៣០ភាគរយ និងវិស័យកសិកម្ម២៥ភាគរយ៕