Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តី ស្នើឲ្យក្រសួងសុខាភិបាល ពិនិត្យឲ្យល្អិតល្អន់ចំពោះការបង្កើតគ្លីនិក និងកន្លែងលក់ឱសថ ព្រោះខ្លាចកន្លែងទាំងនោះ បង្កជាបញ្ហាដល់ប្រជាពលរដ្ឋ (Video inside)

15-01-2018 13:58

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឲ្យក្រសួងសុខាភិបាល ពិនិត្យឲ្យល្អិតល្អន់ចំពោះការបង្កើតគ្លីនិក និងកន្លែងលក់ឱសថឲ្យបានត្រឹមត្រូវ។ សម្តេចតេជោ បានបន្ថែមថា ការស្នើឲ្យត្រួតពិនិត្យនេះ ព្រោះសម្តេចខ្លាចថា កន្លែងទាំងនោះ អាចបង្កជាបញ្ហាសម្រាប់ ប្រជាពលរដ្ឋទៅវិញ។

ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈសម្តេច អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារ ព្យាបាលជំងឺមហារីក និងសម្ភពដ៏ថ្មីសន្លាងមួយទៀត នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នោះថា «កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក្រសួងសុខាភិបាល ត្រូវមានភារកិច្ច ដើម្បីនឹងធ្វើច្បាប់បន្ថែមទៀត តម្រូវតាមលក្ខខណ្ឌ ដែលយើងបានសន្យាជាមួយអង្គការពាណិជ្ជកម្ម ពិភពលោក ស្តីពីការផ្តល់អាជ្ញាប័ណ្ណ សម្រាប់ការព្យាបាល យើងត្រូវធ្វើ ប៉ុន្តែ យើងត្រូវពិនិត្យឲ្យបានម៉ត់ច្មត់ ជាមួយការបើកគ្លីនិក ឬការលក់ឱសថ ជៀសវាងនូវការប្រើប្រាស់ទីកន្លែងនោះ បង្កើតនូវស្ថានភាពលំបាក សម្រាប់ប្រជាជនទៅវិញ»

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការអរគុណ ចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ សម្រាប់ការសង្រ្គោះ ជីវិតមនុស្ស។ សម្តេចតេជោ ក៏បានបង្ហាញពីឆន្ទៈឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកម្មវិធីតម្រង់ទិសឆ្ពោះទៅ រៀបចំនូវ ហេដ្ឋារចនាសម័្ពន្ធចាំបាច់នៅតាមតំបន់នានាតទៅទៀត មិនមែនតែមន្ទីរពេទ្យកាល់ម៉ែត្រមួយគ្រប់នោះទេ៕