(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ហាញមុខសញ្ញាជួញដូរថ្នាំញៀនដ៏ធំ នៅ២ទីតាំងផ្សេងគ្នា ដោយដកហូតកញ្ឆាក្រៀម កាំភ្លើងខ្លីចំនួន២ដើម និងគ្រាប់មួយចំនួនធំនៅក្នុងក្រុងប៉ោយប៉ែត្រ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ក្រោមការស៊ើបអង្កេតជាច្រើនខែ មុខសញ្ញាជួញដូរខាងលើ កម្លាំងជំនាញរបស់អាវុធហត្ថខេត្តក្រោម បទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត បានចាប់និងឃាត់ខ្លួនបក្សពួកនឹងមុខសញ្ញាជួញនៅពីរទីតាំងផ្សេងគ្នា។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបន្តថា នាល្ងាចថ្ងៃទី១៣ ខែមករា វេលាម៉ោង៤៖០០នាទី កម្លាំងអាវុធហត្ថបានសម្រុកចូលទីតាំង បន្ទប់ជួលមួយកន្លែងក្នុងបរិវេណកាស៊ីណូក្រុមហ៊ុនអានកូ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបក្សពួក៤នាក់ យកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។ បន្ទាប់ពីបានចម្លើយសារភាពពីកន្លែងលាក់ខ្លួនរបស់មេក្លោង ទើបនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញបានឡោមព័ទ្ធ នឹងឃាត់ខ្លួនមេក្លោងពីរនាក់ប្តីប្រពន្ធ រឹបអូសបានវត្ថុតាងជាច្រើន។
លោកឧត្តមសេនីយ៍ បោន ប៊ិន បានបញ្ជាក់ថា ចំពោះមេក្លោងគ្រឿងញៀនដែលកម្លាំងជំនាញអាវុធឃាត់ខ្លួនបានមានឈ្មោះ លី លាងគង់ ភេទប្រុសអាយុ៣៥ឆ្នាំ ប្រពន្ធ ឈ្មោះ វុន សុភាព អាយុ២៨ឆ្នាំ ។ វត្ថុតាងដែលរឹបអូសបានមាន កញ្ឆាស្ងួត៤ថង់ ទម្ងន់៥៥២១.៣ក្រាម គ្រឿងញៀនមេតំហ្វេតាមីន ទឹកកកចំនួន០៧ថង់កិប ទម្ងន់២៥០.៨ក្រាម គ្រឿងញៀនអិចស្តាស៊ីចំនួន៥៩៤គ្រាប់ និង៥ថង់កិបទម្ងន់១៧៧.៧ក្រាម ថ្នាំជក់ចំនួន១ថង់កិបទម្ងន់២៤.៦ក្រាម ដកហូតបានអាវុធខ្លី២ដើម គ្រាប់កាំភ្លើងម៉ាកបារ៉ែតាតូចចំនួន៥០គ្រាប់ គ្រាប់ម៉ាកកាលីឌូ ២៥គ្រាប់ គ្រាប់ថ្នាំរាងមូលទ្រវែងសលឿងពីរគ្រាប់ ទឹកសច្រកដបរុំស្គុតពីរដប ជញ្ជើងសម្រាប់ថ្លឹងមួយ ដបជក់ស៊ីសាមួយនិងទឹកថ្នាំ៤ដប ឧបករណ៍មូរបារីកញ្ឆាបី គ្រាប់កាំភ្លើងខ្លី១៣គ្រាប់ស្រោមកាំភ្លើង៤ ព្រមទាំងរថយន្តឡុចស៊ីសមួយគ្រឿង។
ចំណែកមេក្លោងឈ្មោះ លី លាងគង់ នេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគារពីរជាបីលើករួចមកហើយតែបុគ្គលនេះ ហាក់មិនមានការរាងចាលនៅតែប្រព្រឹត្តជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំដដែល។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង បានថ្លែងនូវការកោតសរសើរចំពោះស្នាដៃរបស់លោកមេបញ្ជាការ លោក បោន ប៊ិន ព្រមទាំងមន្ត្រីអាវុធហត្ថទាំងអស់ដែលបង្ក្រាបបានមេក្លោងគ្រឿងញៀនដ៏ធំដែលកំពុងលាក់ខ្លួនជួញដូរយ៉ាងសកម្មក្នុងក្រុងប៉ោយប៉ែត។
លោក មាស ច័ន្ទពិសិដ្ឋ បានបន្តថា ថ្វីត្បិតតែការបង្ក្រានេះវាអាចអស់តែលោកសង្ឃឹមថាការចាប់ខ្លួនមេក្លោងពីរនាក់ប្តីប្រពន្ធ នេះអាចនឹងធ្វើ ឲ្យមេក្លោងផ្សេងទៀតមានការខ្លាចរអា មិនហ៊ានប្រព្រឹត្តនៅក្នុងក្រុងប៉ោយប៉ែតទៀតទេ ពិសេសសង្ឃឹមថាអាចនឹងមានការថយចុះ។
ជាមួយនោះលោកព្រះរាជអាជ្ញាក៏បានជំរុញបន្ថែមឲ្យវុធហត្ថខេត្ត ខិតខំបន្ថែមទៀតធ្វើយ៉ាងណាឲ្យមូលដ្ឋានយើមានការថយចុះ និងឈានដល់គ្មានគ្រឿងញៀន នាពេលអនាគត៕