(បាត់ដំបង)៖ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង នៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់ នៅតាមទីប្រជុំជននានា ខណ:បច្ចុប្បន្នអង្គភាពរដ្ឋាករទឹក ផលិតទឹកស្អាតបាន៣ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ នឹងទៅថ្ងៃអនាគត យើងផលិតទឹកស្អាតបាន ថែម៥ម៉ឺនម៉ែត្រគូបទៀត សម្រាប់ផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋឲ្យបានគ្រប់១០០ភាគរយ ទាំងនៅទីក្រុង និងនៅទីប្រជុំជន។
ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអះអាងបែបនេះ នៅក្នុងពិធីប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវអគាររដ្ឋបាលថ្មី របស់អង្គភាពរដ្ឋាករទឹក នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងបរិវេណអង្គភាពរដ្ឋាករទឹកបាត់ដំបង ស្ថិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្ត ថ្នាក់អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរស្ថាប័នរដ្ឋនានាជុំវិញខេត្ត អាជ្ញាធរក្រុង ក្រុមប្រឹក្សាសង្កាត់ យុវជនកាកបាទក្រហម កាយារិទ្ធិ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ផងដែរ។
បន្ទាប់ពីអំណានសន្ទរកថា ស្វាគមន៍របស់លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយបានបញ្ជាក់ពីប្រវត្តិ នៃការកកើតទីក្រុងបាត់ដំបង និងការបង្កើតអង្គភាពរដ្ឋាករទឹកនេះ ជាមួយអង្គភាពអគ្គីសនី របស់រដ្ឋជាមួយគ្នា នៃការវិវឌ្ឍន៍ជាបន្តបន្ទាប់ មានការរីកចម្រើន មកទល់បច្ចុប្បុន្ន សម្រាប់បម្រើសេវា ជូនប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន អង្គភាពមានលទ្ធភាពផលិតទឹកស្អាត បានចំនួន៣ម៉ឺនម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់។
នាឱកាសប្រកាសសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលថ្មី របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង នាពេលនេះ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងរំលឹកពីប្រវត្តិ ការបង្កើតទីក្រុងបាត់ដំបងនេះ តាំងពីជំនាន់បារាំងគ្រប់គ្រង នៅទស្សវត្តន៍ទី១១ ហើយប្រជាពលរដ្ឋ យើងក៏ចាប់ផ្តើមមករស់នៅ ក្នុងទស្សវត្តន៍ទី១៨ មានតិចតួចបំផុត ដោយសារពី១ថ្ងៃទៅ១ថ្ងៃ ប្រជាពលរដ្ឋមានការរីកចម្រើន ប្រទេសយើងមានការអភិវឌ្ឍន៍ផងនោះ។ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានរៀបចំបណ្តាញទុយោទឹក កប់ក្រោមដីផលិតទឹកស្អាត ជាដំបូងសម្រាប់ផ្គត់ផ្គង់ ប្រជាពលរដ្ឋបាននៅក្នុងទីក្រុងប៉ុណ្ណោះ។ បន្ទាប់ពីមានការខូចខាត ផ្អាកដំណើរការជំនាន់ ប៉ុល ពត មួយរយៈមក ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ មក។ លុះដល់ឆ្នាំ១៩៩៣ អង្គភាពរដ្ឋាករទឹក បានចាប់ផ្តើមពង្រីកវិសាលភាពរបស់ខ្លួន ជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋ ក៏មិនទាន់បានគ្រប់គ្រាន់ នៅឡើយ។
ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំង ប្រជាពលរដ្ឋកាន់តែមានកំណើនឡើងដែរនោះ យើងមានដៃគូរអភិវឌ្ឍន៍ ជាច្រើន ពិសេសប្រទេសជប៉ុន បានជួយកសាងស្ថានីយ បូមទឹកនិងស្តុកទឹក ដែលកប់ទុយោទឹកតូចធំ មានប្រវែងដល់ទៅ៤៩០គីឡូម៉ែត្រ ជាប្រព័ន្ធចែកចាយទឹកបានគ្រប់ទិសទី ហើយមានលទ្ធភាព ផលិតទឹកស្អាត១ថ្ងៃបានដល់៣ម៉ឺនម៉ែត្រគូប សម្រាប់បច្ចុប្បុន្ន យើងបន្តពង្រីកបណ្តាញ និងផលិតទឹកស្អាតបន្ថែម៥ម៉ឺន ម៉ែត្រគូបទៀតសរុបចំនួន៨ម៉ឺន ម៉ែត្រគូបឲ្យបានមុន ឬត្រឹមឆ្នាំ២០២៥ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ ដល់ទីប្រជុំជននានា ទូទាំងខេត្តបាត់ដំបង តាមការគ្រោងទុក។
នេះជាមោទនភាពមួយ របស់ខេត្តបាត់ដំបង ដរាបណាខេត្តយើងផ្គត់ផ្គង់ទឹកស្អាត បានល្អគ្រប់គ្រាន់ យើងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ គេមកលេងកាន់តែច្រើន មានប្រាក់ចំណូលមកប្រជាពលរដ្ឋ យើងកាន់តែច្រើនផងដែរ។
ជាទីបញ្ចប់គណៈអធិបតី ក៏បានបំពាក់គ្រឿងឥស្សរយស ជូនដល់មន្រ្តីរាជការនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងមានការចែកអំណោយដល់តាជី យាយជី សិស្ស និស្សិត និងប្រជាពលរដ្ឋ ព្រមទាំងកាត់ខ្សែបូរ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ជាកិច្ចបង្ហើយ៕