(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបបួលក្រុមអ្នកវិភាគមួយចំនួនដែលបាននិយាយថា សម្តេចមានបញ្ហាសុខភាពនោះ មកលេងកូនហ្គោល ឬល្បែងកីឡាផ្សេងៗទៀតជាមួយសម្តេច ដើម្បីមើលឱ្យឃើញពិតប្រាកដអំពីសុខភាពរបស់សម្តេច។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភពដ៏ថ្មីសន្លាងមួយទៀត នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាថ្មីៗនេះ មានអ្នកវិភាគអន្តរជាតិ៣នាក់ ក្នុងនោះមានទាំងលោក ដេវីត ឆាលើ អ្នកសរសេរសៀវភៅប្រវត្តិសាស្រ្តកម្ពុជា និងលោក Sebastian Strangio អ្នកនិពន្ធសៀវភៅ «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» ផងដែរ បានចេញមកវិភាគក្នុងអត្ថបទមួយដែលថា តើបែកខាងលិចបរាជ័យក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនិយាយចុះនិយាយឡើងបែរជានិយាយថា សម្តេចមានបញ្ហាសុខភាពទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចមិនមានបញ្ហាអ្វីនោះទេ ហើយថ្លែងអំណរគុណដល់អ្នកវិភាគទាំងនោះ ដែលបានបារម្ភអំពីសុខភាពរបស់សម្តេច។ ជាមួយគ្នានេះ សម្តេចបានថ្លែងថា បើចង់ដឹងច្បាស់អំពីសុខភាពរបស់សម្តេច អ្នកវិភាគទាំងនោះ អាចមកប្រកួតកីឡាជាមួយសម្តេចបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្ញុំ ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ថា បើសិនអ្នកចង់ យើងមិនអាចបង្កើត Team បាល់ទះជាមួយអ្នកបានទេ ប៉ុន្តែខ្ញុំអាចលេងជាមួយអ្នក ទៅលើបញ្ហាផ្សេងៗវិញ សម្រាប់អ្វីដែលជាចំណូលចិត្តរបស់អ្នក រាប់ទាំងអ្នកដែលមានវ័យក្មេងជាងខ្ញុំ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ សម្តេចហាត់ប្រាណដោយដើរលើម៉ាស៊ីនបានរយៈពេល ២ម៉ោង ក្នុងកម្រិត ១២អង្សារឯណោះ និងអាចលេងកីឡាវាយកូនហ្គោល ឬកីឡាអុកបានថែមទៀតជាមួយអ្នកវិភាគទាំងនោះផងដែរ៕