(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានប្រកាសផ្តល់រង្វាន់ថ្មី ដោយនាំអតិថិជន ១០០នាក់ ពីប្រទេសកម្ពុជា ទៅទស្សនាការប្រកួតរបស់ក្លឹបបាល់ទាត់ Manchester City (Man City) ដោយផ្ទាល់ នៅទីលាន Etihad ក្នុងទីក្រុង Manchester របស់ចក្រភពអង់គ្លេស ។
ការប្រកាសនេះ បានធើ្វឡើង តាមរយៈស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ។
លោកស្រី លី សុខឆេង ប្រធានផ្នែកគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា គោលដៅរបស់ស្រាបៀរកម្ពុជា គឺនាំយកអ្វីដែលថ្មី និងភ្ញាក់ផ្អើលជូនអតិថិជនរបស់ខ្លួនជារៀងរាល់ឆ្នាំ។
លោកស្រីបានបន្តទៀតថា រង្វាន់សំបុត្រយន្តហោះទៅចក្រភពអង់គ្លេសសរុប ១០០រង្វាន់ នេះគឺជារង្វាន់បន្ថែមទៅលើរង្វាន់ជាទឹកប្រាក់សុទ្ធសរុប ១,០០០,០០០ដុល្លារ ដែលស្រាបៀរកម្ពុជា ផ្តល់ជូនអតិថិជនប្រចាំថ្ងៃ ។
គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជា បានក្លាយជាដៃគូពាណិជ្ជកម្មផ្លូវការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ Man City ដែលជាក្លឹបបាល់ទាត់ដ៏ធំ និងជោគជ័យមួយនៅចក្រភពអង់គ្លេស ក្រោមពាក្យស្លោកថា «ដៃគូល្អឥតខ្ចោះ» កាលពីចុងឆ្នាំ២០១៧៕