(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ឆាយ ថូនី អនុប្រធានសាខាទទួលការិយាល័យប្រមូលចំណូល និងទីផ្សារ បានសហការជាមួយមន្រ្ដីនាយកដ្ឋាន មន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមន្រ្តីតំណាងផ្សារទឹកថ្លា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យផលិតផលចំណីអាហារ សាច់ បន្លែ ផ្លែឈើ ប្រហិត ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ឆាយ ថូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផល ចំណីអាហាររួមមាន សាច់គោ សាច់ក្រក ប្រហិត ផ្លែឈើគ្រប់ប្រភេទ ហើយបានយកគំរូ មកធ្វើការវិភាគនៅបន្ទប់ពិសោធន៍ចល័ត តាមរថយន្តចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។
ខណៈចុះត្រួតពិនិត្យនេះ មន្ត្រីកាំកុងត្រូលបានយក បន្លែ ផ្លែឈើ សាច់ គ្រឿងសមុទ្រ ចំនួន ៣៩មុខ ដើម្បីធ្វើការពិសោធន៍ ដែលជាលទ្ឋផលរកឃើញសារធាតុគីមី ហាមឃាត់ (Formalin) មានដាក់នៅក្នុងមឹកបំពង់ ហើយសមត្ថកិច្ចបានដកហូត ចំនួន ៤ គីឡូក្រាម ហើយបានណែនាំ ដោយអោយអ្នកលក់ធ្វើកិច្ចសន្យា បញ្ឈប់ការប្រើប្រាស់ សារធាតុគីមី (Formalin) នេះតទៅទៀត ។
លោកអនុប្រធាន បានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាសយដ្ឋានរបស់អ្នកដែល យកមកលក់ឲ្យខ្លួន ឬវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូលក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការ ទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។
ក្នុងពេលចុះត្រួតពិនិត្យគុណភាពទំនិញនោះលោក ឆាយ ថូនី លោកបានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។